Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ៖ ក្រុមហ៊ុនអាមេរិក បានដាក់ទុនរាប់លានដុល្លារ ព្រោះគេយល់ថាកម្ពុជា មានស្ថិរភាព សន្តិភាព

ពោធិ៍សាត់ ៖ ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក” នៅខេត្តពោធិ៍សាត់ ព្រឹកថ្ងៃអង្គារ ទី២២ មេសា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រុមហ៊ុនរថយន្ត Ford របស់អាមេរិក ហ៊ានដាក់ទុនរាប់លានដុល្លារនៅកម្ពុជា ព្រោះគេយល់ថា កម្ពុជាអាចធានាស្ថិរភាព សន្តិសុខ សន្តិភាព រយៈពេលវែង អំណោយផលដល់ការវិនិយោគ ដែលនេះ ជាមោទភាពមួយរបស់ពលរដ្ឋកម្ពុជា។

សម្ដេចធិបតី បានថ្លែងថា កាលណាប្រទេសជាតិមួយគ្មានស្ថិរភាព គ្មានសន្តិភាព ផ្ទុះសង្គ្រាម ក្រុមហ៊ុនដែលកំពុងវិនិយោគ និងវេចបង្វេចទៅស្រុកវិញ ឈប់វិនិយោគ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ពីមុនយើងនាំចូលអ្វីទាំងអស់ ក្រោយមកយើងផលិតនាំចេញ ឥលូវយើងបានផលិត “Made in Cambodia” ជារថយន្ត ហើយមិនមែនរថយន្តធម្មតាទេ ជារថយន្តដែលមានលក្ខណៈទំនើប និងស្តង់ដាខ្ពស់កម្រិតអន្តរជាតិរបស់ក្រុមហ៊ុនពីអាម៉េរិក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់ធ្វើការនៅក្នុងរោងចក្រនោះ។ នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia ថែមទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ត្រនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ព្រមទាំងវិស័យឯកជននានា ដើម្បីពលរដ្ឋមានលទ្ធភាព ទិញរថយន្តថ្មី ប្រកបដោយគុណភាពស្តង់ដាអន្តរជាតិ និងតម្លៃសមរម្យយកមកប្រើប្រាស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលការណ៍ហាមឃាត់ការនាំចូលរថយន្តជជុះឡើយ ដើម្បីបង្ខំប្រជាពលរដ្ឋឱ្យទិញរថយន្តថ្មី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដោះស្រាយបញ្ហានេះ គឺត្រូវធ្វើឡើងតាមរយៈការលើកទឹកចិត្តឱ្យមានការបង្កើតក្រុមហ៊ុនផលិត និងដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ដែលនឹងផ្តល់ជម្រើសរថយន្តថ្មីដែលមានតម្លៃសមរម្យ និងគុណភាពល្អដល់ប្រជាពលរដ្ឋ។

សម្តេចធិបតីបានបញ្ជាក់ថា «ខ្ញុំមិនចាំបាច់ដាក់គោលការណ៍ហាមមិនឱ្យនាំចូលឡានជជុះចូលនោះទេ ដើម្បីបង្ខំមនុស្សឱ្យទិញឡានថ្មីនោះទេ គឺយើងបើកជម្រើសឱ្យប្រជាពលរដ្ឋ។ ចឹងដើម្បីឱ្យគាត់មានលទ្ធភាពទិញឡានថ្មីប្រើកាត់បន្ថយបរិស្ថាន គឺត្រូវបង្កើតជម្រើសតាមទីផ្សារសេរីឱ្យគាត់ ត្រូវបង្កើតជម្រើសឡានថ្មី មានតម្លៃសមរម្យ គុណភាពល្អ ឱ្យប្រជាពលរដ្ឋយើងទិញ»

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ខណៈដែលប្រទេសមួយចំនួនក្នុងតំបន់អាស៊ានបានហាមឃាត់ការនាំចូលរថយន្តមួយទឹក កម្ពុជាវិញបានជ្រើសរើសយកវិធីសាស្រ្តផ្សេង ដោយផ្តោតលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដែលនាំចូលឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី