រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងរបស់សាធារណមតិមួយចំនួនថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាកដំណើរពលរដ្ឋខ្មែរមិនឲ្យចេញពីកម្ពុជា ជាពិសេសស្ត្រីខ្មែរដែលរៀបការទៅនៅប្រទេសចិន និងអ្នកដែលចង់ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា: ក្នុងរយៈពេលថ្មីៗនេះ មានសាធារណមតិមួយចំនួនបានលើកឡើងថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការផ្អាកដំណើរពលរដ្ឋខ្មែរមិនឱ្យចាកចេញពីព្រះរាជា ណាចក្រកម្ពុជា ជាពិសេសស្ត្រីខ្មែរដែលរៀបអាពាហ៍ពិពាហ៍ទៅរស់នៅប្រទេសចិន និងអ្នកដែលចង់ទៅស្វែង រកការងារធ្វើនៅក្រៅប្រទេស។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចខាងក្រោម៖ ផ្អែកតាមរបាយការណ៍ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារអន្តរជាតិ បានធ្វើការទប់ស្កាត់អ្នកដំណើរដែលសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្សទៅក្រៅប្រទេស សរុបចំនួន ៥២ករណី មនុស្សចំនួន ១០៧នាក់ (ស្រី ៨២នាក់) ក្នុងនោះ មានពលរដ្ឋខ្មែរ ចំនួន ៩៣នាក់។ ដោយឡែកនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការទប់ស្កាត់អ្នកដំណើរដែលសង្ស័យពាក់ព័ន្ធ អំពើជួញដូរមនុស្សទៅក្រៅប្រទេស សរុបចំនួន ៣៦ករណី មនុស្សចំនួន ៧៥នាក់ (ស្រី ៥៥នាក់) ក្នុងនោះ មានពលរដ្ឋខ្មែរ ចំនួន ៦៥នាក់។ ក្រោយពីបានធ្វើការសម្ភាសន៍សាកសួរព័ត៌មានអំពីគោលបំណងនៃការធ្វើ ដំណើរទៅក្រៅប្រទេស របស់ពលរដ្ឋខ្មែរទាំងនោះរួចមក ពលរដ្ឋខ្មែរចំនួន ៣នាក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ ទៅលំនៅដ្ឋានរបស់ពួកគាត់វិញ ក្រៅពីនោះ បានធ្វើការបញ្ជូនទៅឱ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន និងស្នងការដ្ឋាននគរបាលខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តស្រាវជ្រាវ និង អនុវត្តនីតិវិធី ដោយសមត្ថកិច្ចយើងមានការសង្ស័យថាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សទៅក្រៅប្រទេស។
នៅក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចនៃប្រទេសចិន បានធ្វើការបញ្ជូនពលរដ្ឋខ្មែរដែលរងគ្រោះក្នុង អំពើជួញដូរមនុស្សពីប្រទេសចិនឱ្យវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ សរុបចំនួន ៤២ករណី មនុស្ស ចំនួន ៩៨នាក់ (ស្រី ៩៧នាក់) ក្នុងនោះ ជនរងគ្រោះចំនួន ៥៩នាក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅ ដ្ឋានរបស់ពួកគាត់វិញ ៣៧នាក់ បានប្រគល់ជូននាយកដ្ឋានគាំពារជនរងគ្រោះនិងគាំពារអនីតិជន នៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ២នាក់ បានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តស្វាយរៀង ដើម្បីបន្តគ្រប់គ្រង។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការគូសបញ្ជាក់ថា ការសម្ភាសន៍សាកសួរព័ត៌មាន និងហាមឃាត់ការធ្វើដំណើរចេញរបស់ពលរដ្ឋខ្មែរមួយចំនួន ជាពិសេសស្ត្រីខ្មែរដែលរៀបអាពាហ៍ពិពាហ៍ជាមួយ ជនបរទេស និងអ្នកដែលមានបំណងចង់ទៅធ្វើការងារនៅក្រៅប្រទេសនោះ ពុំមែនជាការបំបិទសិទ្ធិសេរីភាព របស់ពលរដ្ឋខ្មែរក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ឬរារាំងពលរដ្ឋខ្មែរមិនឱ្យទៅធ្វើការងារនៅក្រៅប្រទេស ដូចការយល់ច្រឡំរបស់សាធារណមតិមួយចំនួនដែលបានលើកឡើងឡើយ ប៉ុន្តែ នេះគឺជាការអនុវត្ត នូវតួនាទីភារកិច្ចរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ដែលបំពេញការងារនៅតាមច្រកទ្វារ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងការចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ជាពិសេសលើស្ត្រី និងកុមារ។ ម្យ៉ាងវិញទៀត គឺក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្មែរគ្រប់ រូប កុំឱ្យចាញ់បោកក្រុមមេខ្យល់ដែលអូសទាញឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ឬទៅធ្វើការងារនៅ ក្រៅប្រទេសដោយខុសច្បាប់។
ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ សូម មានការប្រុងប្រយ័ត្នខ្ពស់ចំពោះឧបាយកលលួងលោម បោកបញ្ឆោតផ្សេងៗ របស់ក្រុមមេខ្យល់ និងឧក្រិដ្ឋជន ជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការតាមដានព័ត៌មាននៃការបំពេញភារកិច្ច របស់មន្ត្រីនគរបាលអន្តោប្រវេសន៍។ យើងខ្ញុំរង់ចាំទទួលនូវការចូលរួមផ្តល់ព័ត៌មានពិត សំដៅរួមចំណែកកែ លម្អចំណុចខ្វះខាត និងភាពអសកម្មនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញការងាររបស់មន្ត្រីនគរបាល អន្តោប្រវេសន៍ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី



