ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ តុលាការកំពូលបានបើកសវនាការទៅលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនយុវជនមាតាធម្មជាតិទាំងប្រាំនាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ហើយសម្រេចថានឹងប្រកាសសាលដីកាទៅលើសំណើសុំនេះនៅថ្ងៃទី៣០ ខែមេសា ។នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការលីកាដូ។
សកម្មជនបរិស្ថានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យឹម លាងហ៊ី ។ អ្នកទាំងនោះត្រូវបានតុលាការបញ្ជូនត្រឡប់ទៅកាន់ពន្ធនាគារផ្សេងៗគ្នាវិញ ក្រោយពេលចូលរួមសវនាការលើសំណើសុំរបស់ខ្លួននាព្រឹកនេះ ។ សំណើសុំនេះត្រូវបានធ្វើឡើង ក្រោយពេលសំណើសុំនៅក្រៅឃុំរបស់អ្នកទាំងនោះនៅសាលាឧទ្ធរណ៍ ត្រូវបានបដិសេធកាលពីថ្ងៃទី១៨ ខែកុម្ភៈ ។ អ្នកទាំងប្រាំរូបបានជាប់ឃុំក្នុងពន្ធនាគារចាប់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលដែលសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម ផ្តន្ទាទោសអ្នកទាំងនោះ ដោយដាក់ពន្ធនាគារ ពីបទ រួមគំនិតក្បត់ ជាមួយសមាជិកប្រាំរូបទៀតនៃក្រុមយុវជនចលនាមាតាធម្មជាតិ ។ លាងហ៊ី និងសមាជិកយុវជនមាតាធម្មជាតិពីររូបដែលមិនបានជាប់ពន្ធនាគារ ក៏ជាប់ចោទពីបទល្មើសមួយផ្សេងទៀត គឺបទល្មើស ប្រមាថចំពោះអង្គព្រះមហាក្សត្រ ។ សកម្មជនបរិស្ថានទាំងនោះកំពុងស្នើសុំនៅក្រៅឃុំ ខណៈពេលដែលសេចក្តីសម្រេចផ្តន្ទាទោសពន្ធនាគារពួកគេកំពុងស្ថិតក្នុងនីតិវិធីសាលាឧទ្ធរណ៍ ។
យុវជនបីនាក់ ក្នុងចំណោមអ្នកទាំងប្រាំ ដែលរួមមាន រស្មី គន្ធា និងរដ្ឋា ក៏ត្រូវបានចោទប្រកាន់ពីបទល្មើសផ្សេងទៀត គឺបទ ញុះញង់ កាលពីឆ្នាំ ២០២១ ចំពោះភាពសកម្មនិយមផ្នែកបរិស្ថាននេះផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


