កោះកុង ៖ ប្រទះឃើញសពមនុស្ស ២នាក់ ដេកស្លាប់ជិតគ្នានៅក្រោមដើមឈើសំរ៉ង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សង្ស័យដើមសំរ៉ងបាក់សង្កត់លើ ពេលទៅប្រមូលយកផ្លែសំរ៉ងដើម្បីយកទៅលក់។
យោងតាមការឱ្យដឹងពី លោក យួត ហេងប៊ុនម៉ា អធិការនគរបាលស្រុកបូទុមសាគរ នៃខេត្តកោះកុង បានឱ្យដឹងថា ជនរងគ្រោះ២នាក់នេះ ជាប្តីប្រពន្ធនឹងគ្នា បានស្លា ប់ដោយសារតែការកាប់ដើមសំរ៉ងយកផល។ បុរសជាប្តីមានឈ្មោះ ឪ រិទ្ធ អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ាន់ សំភស់ អាយុ ៤១ឆ្នាំ មានទីលំនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
លោកអធិការនគបាលស្រុកបូទូមសាគរ បន្តទៀតថា ២នាក់ប្តីប្រពន្ធខាងលើនេះ បានចេញពីផ្ទះចូលព្រៃទៅកាប់កាប់ដើមសំរ៉ងនៅចំណុចភ្នំកំពង់ប្លូ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ។ លុះដល់ពេលយប់មិនឃើញត្រលប់មកផ្ទះវិញ សាច់ញាតិក្រុមគ្រួសារ ក៏បានហៅទូរស័ព្ធចូលតែគ្មានអ្នកលើ។ ហើយដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រុមគ្រួសារបានដើររកនៅចំណុចខាងលើរកមិន ឃើញមនុស្ស ឃើញតែម៉ូតូ។ បន្ទាប់មកទៀតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០ និង៤៥នាទី ក្រុមគ្រួសារបានដើររកនៅចំណុចដដែលម្ដងទៀត ក៏បានឃើញជនរងគ្រោះទាំងពីរនាក់ត្រូវដើមសំរ៉ងបាក់សង្កត់ស្លាប់នៅកន្លែងកើតហេតុទើបរាយការណ៍មកអាជ្ញាធរ ភូមិឃុំចុះទៅដល់កន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានស្លាប់ អំឡុងពេលកំពុងរើសផ្លែសំរ៉ងក្រោមដើមដែលពួកគាត់បានកាប់ទុកចោលមួយដើមទៀត ដោយវាបាក់ជាប់វល្លិ៍ឈើហើយធ្លាក់មកសង្កត់ទាំង២នាក់ប្តីប្រពន្ធតែម្តង។ ក្រោយពិនិត្យសាកសពរួច កម្លាំងជំនាញអធិការដ្ឋាន គ្រូពេទ្យមណ្ឌលសុខភាពអណ្ដូងទឹក និងអាជ្ញាធរភូមិ-ឃុំ បានប្រគល់សាកសពទាំងពីរនាក់ប្រពន្ធប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា នៅឆ្នាំ២០២៥នេះ មានករណីកាប់ដើមសំរ៉ងហើយបណ្តាលឱ្យបាក់សង្កត់លើមនុស្សស្លាប់ចំនួន៣ករណី ស្លាប់មនុស្ស៤នាក់។
ទន្ទឹមនោះការអប់រំណែនាំរបស់មន្រ្តីជំនាញជាច្រើនលើកច្រើនសារ ក៏មានពលរដ្ឋមួយចំនួនបានដៀលដាមថាមន្រ្តីកំពុងបិទសេរីភាពពួកគាត់មិនឱ្យរកអនុផលព្រៃឈើដែលមានតាំងដូនតារបស់ពួកគាត់មក ស្របពេលជីវភាពសេដ្ឋកិច្ចរបស់ពួកគាត់មិនល្អពេលបច្ចុប្បន្ន។ ផ្លែសំរ៉ង អាចរកអនុផលបានដោយការរើសផ្លែវាដែលទុំជ្រុះដល់ដី ពុំមែនការកាប់ដើមរំលើងយកផលនោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





