Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ៖ ការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និង សភាពការណ៍ទូទៅមុនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នៅសាលសន្និសីទ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹង ការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធាន ដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និង សភាពការណ៍ទូទៅមុនចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានជម្រាបជូនអង្គប្រជុំថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំនេះមានរយៈពេល ២៦ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូនល្អ និងទទួលបានជោគជ័យ ស្ថិតក្នុង បរិយាកាសនយោបាយស្ងប់ស្ងាត់ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ គ្មានការ បំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំលេខ ០២២ គ.ជ.ប.ស.ណ.ន ស្តីពីកិច្ច សហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍បន្តទៀតថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាញពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥។ ឯកឧត្តមក៏បានបញ្ជាក់ជូនអំពី
មុខសញ្ញាសំខាន់ៗដែលត្រូវការពារ គោលដៅសំខាន់ៗដែលត្រូវការពារ និងការរៀបចំយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងការរៀបចំកម្លាំងការពារនៅថ្នាក់រាជធានី ខេត្ត។ គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្តដែលមានស្រាប់ ត្រូវបានកំណត់ និងប្រើប្រាស់ជាយន្តការរចនាសម្ព័ន្ធ សន្តិសុខបោះឆ្នោតរាជធានី ខេត្ត ហៅថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍រាជធានី ខេត្តសម្រាប់ ការបោះឆ្នោត ត្រូវបំពេញមុខងារតាមឋានៈ តួនាទី និងការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ច រាជធានី ខេត្តរៀងៗខ្លួន ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្តធ្វើជាសេនាធិការ ត្រូវ គ្រប់គ្រង ដឹកនាំ និងបញ្ហាគ្រប់យន្តការរចនាសម្ព័ន្ធសន្តិសុខ និងមន្ត្រីអនុវត្តច្បាប់នៅក្រោមឱវាទ ដោយសហការជាមួយ គ.ជ.ប ឬ/និង លធ.ខប ត្រួតពិនិត្យការរៀបចំកម្លាំងនគរបាល និងកម្លាំង កងរាជអាវុធហត្ថ ដើម្បីការពារតាមផែនការ និងសេចក្តីណែនាំផ្សេងៗដែលបានកំណត់។

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ/និងកម្លាំងកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានី ខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំជាភ្នាក់ងារ សន្តិសុខបោះឆ្នោត តាមសំណូមពរចាំបាច់របស់ គ.ជ.ប ឬ/និង លធ.ខប។

ចំពោះការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ឯកឧត្តម ឌីម សុវណ្ណារុំ បានមាន ប្រសាសន៍ថា គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការ ចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅ តាមសាលាឃុំ សង្កាត់ ឬតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប ។ គណបក្សនយោបាយដែលមានបំណងចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅ ក្រុមប្រឹក្សាឃុំ សង្កាត់ ៧ (ប្រាំពីរ) ថ្ងៃ មុនថ្ងៃចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត រហូតដល់ ១០ (ដប់) ថ្ងៃ មុនថ្ងៃបញ្ចប់ដំណើរការនេះ។ ដូចនេះ ផ្អែកតាម ប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ កាលបរិច្ឆេទនៃការ ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា និងបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។ គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារតាមទម្រង់បែប បទលេខ ១០០៧ ដែលផ្តល់ជូនដោយ គ.ជ.ប ដោយឥតគិតថ្លៃ ឬអាចទាញយកពីអាសយដ្ឋានវេប គ.ជ.ប www.nec.gov.kh។ ឯកឧត្តម ក៏បានបញ្ជាក់ជូនអំពីនីតិវិធីនៃការចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយនេះ។ អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយសង្កេតមើលដំណើរការមិនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះ គណបក្សនយោបាយចំនួន ៥ បានធ្វើការផ្ទេរសិទ្ធិជូន តំណាងរបស់ខ្លួន ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួមមាន គណបក្សប្រជាជន កម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសន្តិភាពជាតិ និង គណបក្សឯកភាពជាតិខ្មែរ។

ចំពោះសភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ-ឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ឯកឧត្តម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ពិតមែនតែ ឆ្នាំ២០២៥ នេះ ពុំមានការរៀបចំការបោះឆ្នោតសកលក្តី តែការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៥ នេះ គឺជាឆ្នាំដំបូងនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យ-បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេច ផែនការមេ និងប្រតិទិនដែលបាន កំណត់។ កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនេះហើយ ដែលធ្វើឱ្យ គ.ជ.ប មានលទ្ធភាព គ្រប់គ្រាន់ក្នុងការរៀបចំចាត់ចែងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នាពេលខាងមុខ។

ជាទីបញ្ចប់ ក្នុងនាម គ.ជ.ប និងក្នុងនាម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ឯកឧត្តម ឌឹម សុវណ្ណារុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងក្រសួង ស្ថាប័ន គណបក្ស នយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម សង្ឃឹម និង ជឿជាក់យ៉ាងមុតមាំថា តំណាងភាគីពាក់ព័ន្ធទាំងអស់ ពិសេសគ្រប់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងចូលរួមដាក់តំណាងរបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាង គណបក្សនយោបាយចំនួន ១៥ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួ ៦ ព្រមទាំងអ្នកសារព័ត៌មានសរុបប្រមាណចំនួន ៦០ នាក់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×