ខេត្តស្វាយរៀង ៖ ក្រោយពីបានទទួលព័ត៌មាននៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ ១ត្រង់ ចំណុចភូមិ ព្រៃសម្ភ័រ ឃុំ សំបួរ ស្រុកស្វាយទាប មានករណីស្ត្រីមានវិបត្តិសតិមិនគ្រប់គិតខ្លី ប៉ងសម្លាប់ខ្លួន ២ លើកមកហើយ និងលើកនេះជាលើកទី ៣ បានបីកូនអាយុបីខែប៉ងរត់ចូលឡានដើម្បីសម្លាប់ខ្លួនដោយសារខឹងប្តីមកធ្វើកម្មករលីសែងឈើមិនមកផ្ទះខានមកផ្ទះរយៈពេលបីថ្ងៃនោះរួចមក នៅរសៀលថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៨ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយ លោក សរ វណ្ណា នាយកសាខា ព្រមទាំងមន្ត្រីអនុសាខាស្រុក នាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនគ្រួសារងាយរងគ្រោះ ឈ្មោះ សូ មុំ អាយុ ២៨ ឆ្នាំ និងប្តីឈ្មោះ យស់ កាន់ អាយុ ២៧ ឆ្នាំ ជាកម្មករលីសែងគ្រឿងសំណង់ បច្ចុប្បន្នរស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាបគ្មានផ្ទះផ្ទាល់ខ្លួន រស់នៅជាមួយម្តាយ ជាស្ត្រីម៉េម៉ាយកូនច្រើនមានជីវភាពខ្វះខាត ។
ក្នុងឱកាសនោះ លោក សរ វណ្ណា នាយកសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានមានមតិសាកសួរសុខទុក្ខ ផ្តាំផ្ញើ និងបានណែនាំកុំឲ្យគិតខ្លីទៀត ត្រូវខិតខំកសាងខ្លួន ប្រកបរបររកស៊ីបន្តទៀត នៅផ្ទះដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ អំណោយដែលបានផ្តល់ជូន មានអង្ករ ២ បាវ ៦០ គ.ក្រ ធុងទឹកជ័រ ១ កន្ទេលបត់មួយ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអីវ ៦ ដប កញ្ចប់ឃីត មាន (ភួយ មុង សារ៉ុង ក្រម៉ា) និងថវិកា ២០០,០០០ រៀល ។
គួររំលឹកផងដែរថា ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនៅតាមផ្លូវជាតិលេខ១ត្រង់ចំណុចដេប៉ូឈើមួយកន្លែងស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយសាស្ត្រីម្នាក់បានតូចចិត្តព្រោះគ្មានលុយចិញ្ចឹមកូនស្រីដែលទើបនឹងកើតមានអាយុបាន៣ខែខណះដែលប្តីចេញទៅធ្វើកម្មករលីសែងនៅកន្លែងលក់ឈើនិងគ្រឿងសំណង់មួយហើយមិនព្រមមកផ្ទះយកលុយចិញ្ចឹមកូនដាច់ចិត្តពរកូនមកតាមប្តីយំបោកខ្លួនរត់ចូលរថយន្តនិងម៉ូតូគេប៉ងសម្លាប់ខ្លួនព្រោះតែខឹងប្តីមិនទៅផ្ទះ។
ដែលករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ៕ វ៉ៃកូ