តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី ឯកឧត្តម ភីដក សុខសុវត្ថិ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺជាការបោះជំហានដ៏សំខាន់ថ្មីមួយ ក្នុងការពង្រឹង បន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងថៃ ស្របពេលដែល ប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំនេះ។
លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរព វិញ្ញាណក្ខន្ធវីរៈបុរស និងវីរនារីដ៏ឆ្នើមរបស់កម្ពុជា។ លោកជំទាវនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះវររាជបិតាជាតិខ្មែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវនាយករដ្ឋមន្ត្រី និងឯកឧត្តម ភីដក សុខសុវត្ថិ បានចូល ក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា។ លោកជំទាវនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចរដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងការយោគយល់ និងជឿទុកចិត្តគ្នាទៅ វិញទៅមក សម្តេចធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវនាយករដ្ឋមន្ត្រី បានជួបពិភាក្សាយ៉ាងស៊ីជម្រៅអំពី ទំនាក់ទំនងទ្វេភាគី ដែលគ្របដណ្តប់លើវិស័យជាច្រើនដែលផ្តល់ប្រយោជន៍រួមគ្នា។ នាយករដ្ឋមន្ត្រីទាំងពីរ បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានប្តេជ្ញាចិត្តជាថ្មី ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហ ប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា នយោបាយ ការពារជាតិនិងសន្តិសុខ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការងារ អប់រំ វប្បធម៌ ទេសចរណ៍ ការតភ្ជាប់ បរិស្ថាន បច្ចេកវិទ្យានិងនវានុវត្តន៍ និងការផ្លាស់ ប្តូរវាងប្រជាជននិងប្រជាជន។
អំពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងទំនាក់ទំនងជាទៀងទាត់ រវាងប្រទេសទាំងពីរ ក្នុងការធ្វើឱ្យប្រតិបត្តិការកាន់តែស៊ីជម្រៅនូវទំនាកទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរបានលើក ទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ក្នុងការពិភាក្សាបញ្ចប់នូវផែនការសកម្មភាពរួមឱ្យបានឆាប់ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពថា នឹងរៀបចំ កិច្ចប្រជុំលើកទី១២ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងថៃឱ្យបានឆាប់។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះលើកទី៤ នៅខេត្តស្រះកែវ ប្រទេសថៃ នៅចុងឆ្នាំនេះ។
អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ នាយករដ្ឋមន្ត្រីទាំងពីរ បានកោតសរសើរដល់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសទាំងពីរ ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និង ការខិតខំប្រឹងប្រែងយ៉ាងមោះមុត ក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រួមមានការឆបោកតាម ប្រព័ន្ធអ៊ីនធឺណិត ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ជាដើម។ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាចិត្តជា ថ្មី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការចំពោះបញ្ហាសំខាន់ៗទាំងនេះ ដើម្បីធានាសុវត្ថិភាព និងសុខុមាល ភាពរបស់ប្រជាជនរបស់យើង។ កម្ពុជា បានថ្លែងអំណរគុណចំពោះគោលនយោបាយរបស់ប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃជាវេទិកា ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ឬក៏ប្រព្រឹត្តសកម្មភាពទុច្ចរិតណាមួយប្រឆាំងនឹងកម្ពុជា ហើយព្រមទាំងបានបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា នឹងអនុវត្តគោលការណ៍នេះដូចគ្នា។
អំពីវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើន លំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងលើស ១០ ពាន់លានដុល្លារអាម៉េរិកជាលើកដំបូង កាលពីឆ្នាំកន្លងទៅ។ ផ្អែកលើសន្ទុះជាវិជ្ជមាននេះ ថ្នាក់ដឹកនាំទាំងពីរមានបំណងសម្រេចឱ្យបានគោលដៅ ១៥ ពាន់លានដុល្លារអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តឱ្យ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ពិចារណារៀបចំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ថៃ លើកទី៧ នៅឆ្នាំនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញ ផងដែរ ឱ្យស្ថាប័នពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ និងរៀបចំកិច្ចពិគ្រោះយោបល់ អំពីការសម្រួលបន្ថែមទៀតស្តីពីពាណិជ្ជកម្មឆ្លងព្រំដែន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមមានតាមរយៈតំបន់សេដ្ឋកិច្ចពិសេសដែលបំពេញបន្ថែមគ្នាទៅវិញទៅមកនៅតាមខេត្តជាប់ព្រំដែន ដើម្បី ជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពថា នឹងសម្ពោធស្ពាន ស្ទឹងបត់-បានណងអៀន កម្ពុជា-ថៃ ជាផ្លូវការ នៅខែកក្កដា ឆ្នាំ២០២៥។
អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ចំពោះកំណើន នៃចំនួនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ បន្តធ្វើការសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញយន្តការ “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។ ថ្នាក់ដឹកនាំ ទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃការអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការសកម្មភាពរួម ស្តីពីកិច្ច សហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣-២០២៥ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន មកទស្សនាប្រទេសទាំងពីរ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះយន្តការ “ប្រទេស ប្រាំមួយ គោលដៅតែមួយ» ដោយសង្ឃឹមថា នឹងលើកកម្ពស់ទេសចរណ៍ក្នុងតំបន់ និងពង្រឹងតំបន់អាស៊ី អាគ្នេយ៍ ជាគោលដៅទេសចរណ៍អន្តរជាតិដ៏លេចធ្លោ។ ក្នុងឆ្នាំ២០២៤ ទេសចរថៃឈរលេខរៀងទី១ ក្នុង ចំណោមទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ដោយមានចំនួនជាង ២លាននាក់។
អំពីវិស័យការងារ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ និង វិស័យឯកជន ដែលបានផ្តល់ឱកាសការងារ ទីកន្លែងស្នាក់នៅ និងលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព ដល់ពលករកម្ពុជានៅប្រទេសថៃ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងបន្តបន្ទាប់របស់ប្រទេសថៃ ក្នុងការការពារសិទ្ធិ និងសុខមាលភាពរបស់ពលករកម្ពុជា ដែលមិនត្រឹម តែបានចូលរួមចំណែកដល់សេដ្ឋកិច្ចប្រទេសថៃប៉ុណ្ណោះទេ តែក៏បានទទួលនូវជំនាញ ចំណេះដឹង និង បទពិសោធដ៏មានតម្លៃ នាំត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ។
អំពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលថៃ ដែលសម្រេចប្រគល់នូវវត្ថុបុរាណខ្មែរចំនួន ២០ដុំ ដែលបាន រឹបអូសពីក្រុមជនទុច្ចរិត នៅឆ្នាំ១៩៩៩ ត្រឡប់មកកម្ពុជាវិញ។
នាយករដ្ឋមន្ត្រីទាំងពីរ បានអបអរសាទរចំពោះការបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្ត សុងខ្លា និងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប ដែលនឹងសម្រួលបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដោយផ្តល់សេវាកម្មផ្នែកកុងស៊ុលជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាគ្នាលើវិស័យសំខាន់ៗមួយចំនួនទៀត រួមមានវិស័យធនាគារ អប់រំ កសិកម្ម បរិស្ថាន ការដឹកជញ្ជូននិងការតភ្ជាប់ ព្រមទាំងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហា តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួម។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្ត រួមក្នុងការរួមចំណែក ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ និងពិភពលោក ព្រមទាំងបន្តផ្តល់ការ គាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃមជ្ឈភាព និងសាមគ្គីភាពអាស៊ាន ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការជំរុញការខិតខំប្រឹងប្រែងកសាងសហគមន៍ អាស៊ានរួមគ្នា ជាមួយនឹងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយដៃគូខាងក្រៅ។
ខណៈប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣៣ ក្នុងខែធ្នូខាងមុខនេះ និង កីឡាប៉ារ៉ាហ្គេម នៅឆ្នាំក្រោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជូនពរឱ្យការរៀបចំព្រឹត្តិការណ៍តំបន់សំខាន់ៗ ទាំងនេះប្រកបដោយជោគជ័យ។ សម្តេចធិបតី ក៏បានបញ្ជាក់សាជាថ្មី នូវការគាំទ្រយ៉ាងពេញទំហឹងរបស់ កម្ពុជាចំពោះប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














