ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋ ដែលមានបំណងចង់ទៅកម្សាន្ត ឬរកអាហារផ្សេងៗ ដើម្បីទទួលទាន នៅអាហារដ្ឋាន ឬក្លឹបខារ៉ាអូខេ “មនោរម្យ២” មានទីតាំងនៅទីប្រជុំជនក្រុងព្រះសីហនុ ទោះអញ្ជើញជាលក្ខណៈគ្រួសារ ឬជាលក្ខណៈផ្សេងៗក្តី ត្រូវដូរលុយដុល្លារអាមេរិក សេរីថ្មី ឬត្រូវដូរលុយក្រដាសលុយថ្មីៗ ព្រោះនៅទីកន្លែងខាងលើនេះ អ្នកគិតលុយគេមិនទទួលយកលុយដុល្លារប្រឡាក់បន្តិចបន្តួច ជាពិសេសគេមិនទទួលយកប្រភេទលុយដុល្លារអាមេរិកសេរីចាស់ៗនោះទេ។
ផ្តើមពីបញ្ហានេះ ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញមួយក្រុម បានរិះគន់ ចំពោះឥរិយាបទ របស់អ្នកគិតលុយ ឬម្ចាស់ហាង “មនោរម្យ២” នាខេត្តព្រះសីហនុ ដែលធ្វើទង្វើមិនគួរគប្បីមួយចំនួន..។
អតិថិជន ឬភ្ញៀវទេសចរមួយចំនួន ដែលបានចូលទៅកម្សាន្តសប្បាយ នៅហាង “មនោរម្យ២” នាក្រុងព្រះសីហនុ នៅព្រលប់ថ្ងៃអង្គារ៍ ទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរិះគន់អ្នកគិតលុយ របស់ហាង “មនោរម្យ២” ដែលបដិសេធន៍មិនទទួលយកលុយដុល្លារសេរីចាស់ និងលុយដុល្លារ ដែលគ្រាន់តែមានស្នាមប្រឡាក់បន្តិចបន្តួចនោះ..។
ភ្ញៀវទេសចរ ឬអតិថិជនមួយចំនួននោះ បានអំពាវដល់ម្ចាស់ហាង ឬថៅកែហាង “មនោរម្យ២”ឲ្យជួយពិនិត្យឥរិយាបទបុគ្គលិក ឬត្រូវធ្វើយ៉ាងជួយកែសម្រួល ចំពោះភាពមិនប្រក្រតីមួយចំនួនតូច ដែលកើតមាននៅហាង “មនោរម្យ២” ឲ្យប្រសើរជាងរាល់ថ្ងៃនេះ ដើម្បីឲ្យអតិថិជនមានទំនុចិត្ត និងបន្តគាំទ្រឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត៕ ដោយ៖ ដែន សីមា