ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយ វិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធទិវា គ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ដែលជាគំនិតផ្តួចផ្តើម សកលក្នុងការអន្តរាគមន៍យុទ្ធនាការសុខភាពឡើងវិញ ដោយពន្លឿនការលុបបំបាត់ជំងឺតាមរយៈការលើកកម្ពស់ ការយកចិត្តទុកដាក់ ទំនួលខុសត្រូវរួមគ្នា និងកៀរគរធនធានបន្ថែមទៀត។ ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺគ្រុនចាញ់ ទាមទារឱ្យមានការលើកទឹកចិត្តនិងការវិនិយោគបន្ថែមទៀត ព្រមទាំងអំពាវនាវឱ្យមានវិធីសាស្ត្រឬគំនិតច្នៃប្រឌិតថ្មីៗ ជំរុញការលើកទឹកចិត្តដើម្បីប្រមូលផ្តុំថាមពលថ្មីពីគ្រប់មជ្ឈដ្ឋាន ដោយត្រូវផ្តុំគ្នាទាំងក្នុងកម្រិតសហគមន៍ រាជរដ្ឋាភិបាល និងដៃគូនានា ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យគ្មានជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅដំណាច់ឆ្នាំ២០២៥នេះ និងក្នុងសកលលោក នាឆ្នាំ២០៣០។
ឆ្នាំនេះជាឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសយើងត្រូវសម្រេចគោលដៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពនៅទូទាំងប្រទេស។ ប្រទេសកម្ពុជាយើងមានមោទកភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ របស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់រួមមាន៖ ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤។ ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡឹករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា
ប្រទេសកម្ពុជាយើងកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែយើងក៏មិនអាចបន្ធូរដៃ បានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំង ផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយអំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹងនិងការចូលរួមលើកកម្ពស់សុខភាពសាធារណៈ ជាពិសេស ប្រជាជនគោលដៅដែលប្រឈមខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល និងមានអត្ថន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី បានសម្តែងនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់កម្រិត របស់ ក្រសួងសុខាភិបាល ក៏ដូចជាក្រសួង អង្គភាពពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ ប្រជាជនគ្រប់រូប និងដៃគូពាក់ព័ន្ធទាំងអស់ដែលបាន ខិតខំចូលរួមបំពេញភារកិច្ចជាប្រវត្តិសាស្ត្រនេះ ប្រកបដោយឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវា សុខាភិបាលសមធម៌ដល់ប្រជាជនប្រឈមជំងឺគ្រុនចាញ់នៅទូទាំងប្រទេសទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ដែលជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។
ចូរយើងទាំងអស់គ្នាចូលរួមទទួលខុសត្រូវខ្ពស់ក្នុងប្រតិបត្តិការ សកម្មភាពចុងក្រោយដើម្បីសម្រេចបាន កម្ពុជាគ្មានជំងឺគ្រុនចាញ់នាពេលអនាគតដ៏ខ្លីខាងមុខនេះ!
ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសឱ្យខ្លឹមសារ និងអត្ថន័យ នៃទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា ២០២៥ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយ វិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ស្ថិតនៅក្នុងចិត្ត និងស្មារតីរបស់យើងគ្រប់ៗគ្នា រួមគ្នាអនុវត្តសកម្មភាព ជាក់ស្តែង ពេញលេញ គ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបាននូវការលុបបំបាត់ជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជាទាំងស្រុង នៅឆ្នាំ២០២៥ និងនៅលើពិភពលោកនាឆ្នាំ២០៣០។ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ភាគី ពាក់ព័ន្ធគ្រប់កម្រិតទាំងអស់នឹងបន្តគាំទ្រនិងចូលរួមសហការអនុវត្តឱ្យអស់ពីលទ្ធភាពដែលខ្លួនកំពុងមាន ដើម្បី សម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ តទៅ ក្នុងបុព្វហេតុចូលរួមចំណែកជំរុញកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជានាឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ៖សុទ្ធលី






