រាជធានីភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥, មិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃអនុសញ្ញាCITES ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនោះទេ ។
កម្ពុជាមិនបាននាំចេញសត្វស្វាក្តាមទៅកាន់ទីផ្សារសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២៤មកម្ល៉េះ។
ក្រសួងកសិកម្មមិនអនុញ្ញាតឱ្យមានការចាប់ឬនាំចេញសត្វស្វាក្តាមពីព្រៃធម្មជាតិឡើយ ហើយរាល់ការនាំចេញគឺជាសត្វជំនាន់ក្រោយដែលកើតនៅក្នុងកសិដ្ឋានចុះបញ្ជីត្រឹមត្រូវ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាបានការពារដោយជោគជ័យក្នុងការតស៊ូមតិមិនឱ្យមានការធ្វើសេចក្តីសម្រេចផ្អាកការធ្វើពាណិជ្ជកម្មសត្វស្វាក្តាមពីកម្ពុជា។
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសមត្ថកិច្ចវិទ្យាសាស្ត្រសាយតេសកម្ពុជា សម្រាប់ប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា ពុំមានការ ណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជា ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន នៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (សាយតេស-CITES)” ដូចមានចុះផ្សាយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ របស់វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានដកស្រង់អត្ថបទចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ របស់សារព័ត៌មានបរទេសមួយឈ្មោះ Mongabay មានខ្លឹមសារថា “កម្ពុជានៅតែបន្តនាំចេញសត្វ ស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃ អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (CITES) បានណែនាំឱ្យ ផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ”។ ការចុះផ្សាយអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ (RFI) គឺជាការ ផ្សាយដោយមិនមានការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ និងពុំទាន់សមស្របតាមវិជ្ជាជីវៈ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ គឺមិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដូចការលើកឡើងនោះឡើយ។
សត្វស្វាក្តាមត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វព្រៃមានដោយបង្ហូរនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធរ នៃអនុសញ្ញាសាយតេស។ ការចិញ្ចឹម បង្កាត់ពូជ និងធ្វើអាជីវកម្មនាំចេញសត្វស្វាក្ដាមរបស់កម្ពុជាបានអនុវត្តត្រឹមត្រូវ អនុលោមតាមនីតិវិធី ច្បាប់ជាតិ លិខិតបទដ្ឋានគតិយុត្ត និងអនុសញ្ញាអន្តរជាតិនានាដែលពាក់ព័ន្ធ រួមទាំងឈរលើ គោលការណ៍មនុស្សធម៌ និងសមធម៌។ សត្វស្វាក្តាមមានលក្ខណៈជីវសាស្ត្រ និងក្រុមប្រភេទឈាមស្រដៀងនឹងមនុស្ស ដូចនេះហើយបានជាមានតម្រូវការសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការផលិតឱសថ វ៉ាក់សាំង មុននឹងយក មកប្រើប្រាស់លើមនុស្ស។
កម្ពុជាជាប្រទេសដែលបានចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថ និងវ៉ាក់សាំង ដើម្បី ជួយសង្គ្រោះជីវិតមនុស្សជាតិ និងចូលរួមរក្សាសន្តិសុខសុខភាពសកល តាមរយៈការផ្គត់ផ្គង់សត្វស្វាក្តាម ជាពិសេស នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (COVID-19) ដែលតម្រូវការសត្វស្វាក្តាមសម្រាប់ពន្លឿន ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការផលិតឱសថ និងវ៉ាក់សាំង មានការកើនឡើងទ្វេដង។
អាស្រ័យហេតុនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសមត្ថកិច្ចវិទ្យាសាស្ត្រ សាយតេសកម្ពុជាសម្រាប់ប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ សូមសាធារណជនមេត្តាជ្រាប ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



