ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកយទ្ធនាការចុះធ្វេីតេស្ត ដើម្បីរកមេីលសារធាតុញៀន ទៅលើបុគ្គលិកបំរើការងារនៅតាមកាស៊ីណូមួយចំនួន នាទីប្រជុំជន ក្នុងក្រុងព្រះសីហនុ។
សកម្មភាពខាងលើនេះដឹកនាំដោយ លោកវរសេនីយ៍ទោ សួស សីលា នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ លោកមានប្រសាសន៍ថា អនុវត្តន៍តាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និង តាមសំណេីរ របស់ក្រុមហ៊ុនកាស៊ីណូផងនោះ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានចុះមកធ្វេីតេស្តទឹកនោម បុគ្គលិកសណ្ឋាគារ កាស៊ីណូវិមានខ្សាច់ស មានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីរកមេីល សារធាតុញៀន។
លោក សួស សីលា បន្តថា យុទ្ធនាការខាងលើនេះ កម្លាំងជំនាញ នឹងសហការធ្វើនៅតាមកាសុីណូផ្សេងៗទៀត ក្នុងនោះចំពោះបុគ្គលិករូបណា ដែលរកឃើញ (វិជ្ជមាន) ឬមានផ្ទុកសារធាតុញៀន សមត្ថកិច្ចជំនាញ នឹងបញ្ជូនឈ្មោះទៅឲ្យក្រុមហ៊ុន ដើម្បីមានវិធានការអប់រំណែនាំ និងធ្វេីកិច្ចសន្យាតាមនិតិវិធី ឬកិច្ចសន្យាការងារ៕ ដោយ៖ ដែន សីមា