Friday, April 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉េង ពោធិ៍នា ៖ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការចូលរួម ចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី២១ និងពិធីអាហារសាមគ្តីពេលល្ងាចរបស់សមាគមភស្តុភារកម្មកម្ពុជា ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ សមាគមភស្តុភារកម្មកម្ពុជា ដែលបានចូលរួមយ៉ាង ស្វិតស្វាញជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។

រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការចូលរួម ចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ ហើយវិស័យឯកជនក៏បាននិងកំពុងរួមចំណែកធ្វើឱ្យសម្រេច នូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូលបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ធភាព និងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការបង្កើតការងារដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាជន។ សក្តានុពលនៃការវិនិយោគរបស់វិស័យឯកជនលើគ្រប់វិស័យរាប់ទាំងវិនិយោគិនក្នុងស្រុក និង វិនិយោគិនបរទេស បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងនោះចក្ខុវិស័យនៃផែនការមេគឺឈានទៅសម្រេចគោលបំណងធំ ចំនួន៤ រួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិសាលភាពគ្របដណ្តប់ និង សមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (២) ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពនៃសេវា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន(៣) ជំរុញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ និង (៤) ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទីក។ ឆ្លើយតបនឹងផែនការមេខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងឡូជីស្ទីក៕ រក្សាសិទ្ធដោយ៖សុទ្ធលី