Monday, June 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ស្វ៊ីស បានឯកភាពពិចារណាបង្កើតយន្តការពាណិជ្ជកម្មមានប្រសិទ្ធភាពនានា និងជំរុញភាពជា ដៃគូអាជីវកម្ម-និង-អាជីវកម្ម និងបន្តកិច្ចពិភាក្សាពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៥បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី៤ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសហព័ន្ធស្វ៊ីស នាទីក្រុងប៊ែន ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូត ហនរីហ្ស ឆេលិនប៊ែក (Heinrich – Schellenberg) រដ្ឋលេខាធិការទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួង ការបរទេសស្វ៊ីស បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី៤ រវាងក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសន សហព័ន្ធស្វ៊ីស។

ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវសេចក្ដីពេញចិត្តខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដែលបាននិងកំពុងបន្តរីកចម្រើនទៅមុខរវាងប្រទេសទាំងពីរ ដើម្បីពង្រឹងភាពជាដៃគូនេះឱ្យកាន់តែរឹងមាំ ឯកឧត្តម ឃួន ផុនរតនៈ បានស្នើភាគីទាំងពីរឱ្យបន្តកិច្ចសន្ទនា ជាប្រចាំ និងជំរុញឱ្យមានកិច្ចសន្ទនាកម្រិតខ្ពស់នាពេលអនាគត ដែលបានទទួលបានការគាំទ្រយ៉ាង កក់ក្ដៅពី ឯកឧត្តមឯកអគ្គរដ្ឋទូត ហែនរីហ្ស ឆលិនប៊ែក ។

សហប្រធានទាំងពីរ បានផ្លាស់ប្ដូរទស្សនៈគ្នាលើកិច្ចការផ្នែកនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយកិច្ចពិភាក្សាបានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា សុខាភិបាល អភិបាលកិច្ច វិមជ្ឈការ កសិកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះមីន ជំនួយអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ រួមមានអាស៊ាន និង អង្គការសហប្រជាជាតិ។

ឯកឧត្តម ឃួន ផុនរតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ តាងនាមរាជរដ្ឋាភិបាល និងប្រជាជន
កម្ពុជា ជូនដល់ប្រទេសស្វ៊ីស សម្រាប់ការផ្តល់ជំនួយអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលបានដើរតួយ៉ាង សំខាន់ ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់អំពីកិច្ចការងារដ៏អស្ចារ្យ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃប្រកប ដោយគុណភាពខ្ពស់ជូនដល់កុមារ និងស្ត្រីកម្ពុជា ហើយបានសង្គ្រោះអាយុជីវិតជាច្រើនរាប់មិនអស់។

ប្រជាជនកម្ពុជានៅចងចាំជានិច្ច ដោយការដឹងគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះដួង វិញ្ញាណក្ខន្ធរបស់ លោកវេជ្ជបណ្ឌិត ប៊ីត រីជន័រ ដែលបានលះបង់កម្លាំងកាយចិត្ត ដោយមិនគិតពី ប្រយោជន៍ផ្ទាល់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់
លាននាក់។
ឯកឧត្តមឯកអគ្គរដ្ឋទូត ហ្គែនរីហ្សា ឆេលិនប៊ែក បានកោតសរសើរដល់វឌ្ឍនភាពសេដ្ឋកិច្ចយ៉ាងឆាប់ រហ័សរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយបានឆ្លងកាត់ការវិវត្តយ៉ាងខ្លាំង គឺ បានផ្លាស់ប្តូរពីការកសាងឡើងវិញក្រោយសង្គ្រាម មកជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ លឿនបំផុត នៅអាស៊ីអាគ្នេយ៍។ សហប្រធានទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹង វិស័យពាណិជ្ជកម្ម និងការវិនិយោគ ខណៈពេលដែលទទួលស្គាល់ថាទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរនៅមានការប្រែប្រួលឡើងចុះនៅឡើយ។ ជាកិច្ចខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្មបន្ថែមទៀត
ភាគីទាំងពីរ បានឯកភាពពិចារណាបង្កើតយន្តការពាណិជ្ជកម្មមានប្រសិទ្ធភាពនានា និងជំរុញភាពជា ដៃគូអាជីវកម្ម-និង-អាជីវកម្ម និងបន្តកិច្ចពិភាក្សាពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ។
ភាគីទាំងពីរ មានជំនឿជឿជាក់យ៉ាងមុតមាំថា បន្ទាត់ស្របគ្នារវាងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងអាទិភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស្វ៊ីស ផ្តល់នូវ ក្របខ័ណ្ឌយ៉ាងរឹងមាំមួយ សម្រាប់កិច្ចសហការកាន់តែស៊ីជម្រៅ។ យុទ្ធសាស្ត្រទាំងពីរនេះផ្តោតលើ វិស័យសំខាន់ៗដូចជា ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយ ចីរភាព នវានុវត្តន៍ឌីជីថល និងអភិបាលកិច្ច។ ភាពស៊ីចង្វាក់គ្នានេះ ផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តភាពជាដៃគូដើម្បីទ្រទ្រង់ដល់ការសម្រេចចក្ខុវិស័យរបស់កម្ពុជាឆ្នាំ ២០៥០។ ក្នុងកិច្ចប្រជុំ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងពិភពលោក ព្រមទាំងការវិវត្តយ៉ាងឆាប់រហ័សន ពាណិជ្ជកម្មសកលផងដែរ។ ភាគីទាំងពីរ បានអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ តាមរយៈកិច្ចសន្ទនាបែបស្ថាបនា និង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ។
ជាកិច្ចសន្និដ្ឋា កិច្ចពិគ្រោះយោបល់នយោបាយ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ក្នុង បរិយាកាសកក់ក្តៅ និងស្និទ្ធស្នាល ដែលបានឆ្លុះបញ្ចាំងអំពីមិត្តភាពយូរអង្វែង និងការគោរពគ្នាទៅវិញ ទៅមក ក្នុងទំនាក់ទំនងរវាងកម្ពុជា និងស្វ៊ីស។ សហប្រធានទាំងពីរ ទន្ទឹងរៀបចំកិច្ចពិគ្រោះយោបល់ នយោបាយជុំបន្ទាប់ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា តាមកាលបរិច្ឆេទសមស្របទៅវិញទៅមក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×