នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនរបស់លោក មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកនាយកប្រតិបត្តិបានបញ្ជាក់ជូនសម្តេចបវរធិបតីថា ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ លើសពីនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដេីម។ ជាមួយគ្នានេះ លោកក៏បានស្នើសុំអនុសាសន៍ណែនាំពីសម្តេចបវរធិបតី អំពីវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនអាចនឹងវិនិយោគទុនបាន។
ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះកិច្ចសហការរបស់ក្រុមហ៊ុនជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ក្នុងការវិនិយោគលេីវិស័យកសិកម្ម។ សម្តេចបវរធិបតីបានបញ្ជាក់ថា ក្រៅពីវិស័យដែលក្រុមហ៊ុនបានចាប់អារម្មណ៍វិនិយោគខាងលេី ក្រុមហ៊ុនក៏អាចពិចារណា និងសិក្សា វិនិយោគលើវិស័យសក្តានុពលផ្សេងទៀតផងដែរ ដូចជា វិស័យកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍,វិស័យហិរញ្ញវត្ថុ និងវិស័យអប់រំ។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រីកទីផ្សារជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេស ការជំរុញការនាំចេញផលិតផលកម្ពុជា ទាំងផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា ផងដែរ។
មុននឹងបញ្ចប់, សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគលេីវិស័យអាទិភាពនានាបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី






