ភ្នំពេញ ៖ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ហៅកាត់ជាភាសាអង់គ្លេសថា AMRO ដឹកនាំដោយ លោកបណ្ឌិត JINHO CHOI ប្រធានក្រុមសេដ្ឋវិទូ ដែលធ្វើបេសកកម្មស្វែងយល់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការវិនិយោគរបស់កម្ពុជា។ ជំនួបនោះបានធ្វើឡើងនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា មានមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូមកកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនគណៈប្រតិភូយ៉ាងពិស្តារ អំពីស្ថានភាពនៃកំណើនជាបន្តបន្ទាប់នៃរំហូរការវិនិយោគមកកម្ពុជា ដែលគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងក្នុងឆ្នាំ ២០២៤ កន្លងទៅ ក.អ .ក. បានអនុម័តគម្រោងវិនិយោគបន្ថែម ចំនួន ៤១៤ គម្រោង មានទុនវិនិយោគសរុប ប្រមាណ ៧ ពាន់លាន ដុល្លារអាម៉េរិក បានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ ៣៣ ម៉ឺន កន្លែងបន្ថែម ចំនួនគម្រោងនេះគឺមានកំណើន ៤០% ធៀបទៅនឹងឆ្នាំ២០២៣។ បន្ថែមពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រំហូរទុនវិនិយោគមកកម្ពុជា កំពុងបន្តកើនឡើងគួរកត់សម្គាល់ ដែលក្នុងរយៈពេល ៣ ខែដើមឆ្នាំ២០២៥ នេះ ក.អ.ក.បានអនុម័តគម្រោងវិនិយោគសរុប ចំនួន ១៧២ គម្រោង កើនឡើងប្រមាណ ១៤% ធៀបទៅនឹងរយៈពេល ៣ ខែដូចគ្នា ក្នុងឆ្នាំ២០២៤ ក្នុងទុនវិនិយោគសរុប ប្រមាណជាង ២.៥០០ លាន ដុល្លារអាម៉េរិក ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ ១២ ម៉ឺន កន្លែងបន្ថែមទៀត។
ឯកឧត្តមបណ្ឌិតបានចែករំលែកជាមួយគណៈប្រតិភូផងដែរអំពីផែនការទាក់ទាញវិនិយោគបន្ថែមមកកម្ពុជា និងការធ្វើពិពិធកម្មមុខសញ្ញាវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការរក្សាឱ្យបាននូវទំនាក់ទំនងការទូតល្អជាមួយប្រទេសជាដៃគូសេដ្ឋកិច្ច និងវិនិយោគ ដើម្បីរក្សាភាពធននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្មដែលគម្រាមកំហែងដល់ពាណិជ្ជកម្មសកលលោក។
លោកបណ្ឌិត JINHO CHOI បានសំដែងការសាទរ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរក្សាបាន នូវកំណើននៃការទាក់ទាញរំហូរទុនវិនិយោគមកកម្ពុជា និងបង្ហាញនូវការស្ងើចសរសើរចំពោះទស្សនៈវិស័យជាវិជ្ជមានរបស់រាជរដ្ឋាភិបាលកម្ពុជា និងជឿជាក់ថាកម្ពុជានឹងអាចចាប់យកឱកាសក្នុងការទាក់ទាញវិនិយោគបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី




