ក្នុងពេលដែលឮសូរគ្រាប់ស្នូរកាំភ្លើង បានធ្វើឲ្យអ្នកភូមិមួយចំនួន នៃភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែពួកគេមិនដឹងថា តើករណីអ្វីនោះទេ ទើបមានការផ្ទុះអាវុធបែបនេះ, លុះពេលតាមរកប្រភពជាក់ស្ដែងទៅ គឺសមត្ថកិច្ចបង្ក្រាប ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់របស់តុលាការ និងបក្ខពួក២នាក់ ដែលពួកគេបាញ់តដៃមកលើកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពេលចុះឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៩និង៣០នាទីព្រឹក ហើយសមត្ថកិច្ចក៏បាញ់តបត វិញដើម្បីការពារខ្លួន។
នេះជាករណីចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការខេត្តស្វាយរៀង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ។
ពេលកម្លាំងសមត្ថកិច្ចចុះទៅអនុវត្តតាមដីកា ជនមុខសញ្ញា ឈ្មោះ អ៊ុច អ៊ាន មានបក្ខពួកចំនួន ០៣ នាក់ ÷
១.ឈ្មោះ ម៉ាក សាំសូរិយា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកណ្ដាល ឃុំគ្រួស (ម្ចាស់ផ្ទះ) ,
២.ឈ្មោះ នី កក្កដា ហៅច្រាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស , និង
៣ ឈ្មោះ អ៊ុច អ៊ាន ប្រជាជនមុខសញ្ញានេះឯង , ប៉ុន្តែពួកគេមិនសហការជាមួយសមត្ថកិច្ចនោះទេ ដោយមានកាន់កាំភ្លើងខ្លី ពណ៌ខ្មៅ មួយដើម បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ហើយរត់គេចខ្លួនចូលទៅពួនក្នុងផ្ទះ ឈ្មោះ មឿង សាវុន ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បន្ទាប់មកលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង និង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ
ក្នុងពេលនោះ សមត្ថកិច្ចបានរាយការណ៍ជូន លោកឧត្តមសេនីយ៍ទោស្នងការ និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ក៏បានអនុញ្ញាតឱ្យសមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធ រកគ្រប់វិធីចាប់មុខសញ្ញា រហូតដល់ម៉ោង ១៣:៤៥នាទី ទើបអាចឃាត់ខ្លួនជនមុខសញ្ញា និងបក្ខពួកទាំង ៣នាក់ ខាងលើបាន។
សមត្ថកិច្ចអះអាងថា នៅពេលចូលទៅឃាត់ខ្លួន ស្រាប់តែមុខសញ្ញា ឈ្មោះ អ៊ុច អ៊ាន នោះ បានបាញ់មកលើសមត្ថកិច្ច ដើម្បីរំដោះខ្លួនចេញពីការឡោមព័ទ្ធ ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចបានប្រើប្រាស់វិធានការ ការពារខ្លួន ក៏បាញ់តបតទៅវិញ បណ្តាលឲ្យឈ្មោះ អ៊ុច អ៊ាន មានរបួសស្នាមត្រង់ដៃខាងឆ្វេង។ គេមិនបានបញ្ជាក់ថា អ៊ុច អ៊ាន បាញ់សមត្ថកិច្ចប៉ុន្មានគ្រាប់នោះទេ ? គេគ្រាន់តែអះអាងថា បាញ់មកលើសមត្ថកិច្ចតែប៉ុណ្ណោះ, បច្ចុប្បន្ន អ៊ុច អ៊ាន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីព្យាបាលរបួស។
ចំណែកជនសង្ស័យ ឈ្មោះ ម៉ាក សាំសូរិយា និងឈ្មោះ នី កក្កដា សមត្ថកិច្ចបាននាំខ្លួនមកអធិការនគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ ។ នៅចំពោះសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនបានដឹងថា ឈ្មោះ អ៊ុច អ៊ាន ធ្លាប់ធ្វើសកម្មភាពលួចគេជាច្រើនលើក ពេលលួចបាន ជួនកាលបានយក លុយមកប៉ាវពួកខ្លួនផឹកស៊ី និងបានដឹងថា ឈ្មោះ អ៊ុច អ៊ាន មានកាំភ្លើងប្រើប្រាស់តែពួកខ្លួនលាក់មិនប្ដឹងសមត្ថកិច្ចទេ។
បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតវត្ថុតាង កាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ខ្មៅ ១ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕ ពិសិដ្ឋ CEN
















