ភ្នំពេញ៖ដោយអនុវត្តតាមការយកចិត្តទុកដាក់គិតគូរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំពោះប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ មេសា២០២៥ បានចាត់ឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញមានឯកឧត្ដម ឆាយ វីរៈអភិបាលរងរាជធានីភ្នំពេញដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ ដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរីVIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈតំបន់នេះ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន៣ថ្ងៃមកហើយ។
ឯកឧត្ដម ឆាយ វីរៈអភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃដដែលនេះថា៖ ដោយសារតែប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ទើបនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ បានដឹកទឹកស្អាតមកចែកជូនប្រជាពលរដ្ឋរស់នៅក្នុងបុរីVIPនេះ។
ឯកឧត្ដមឆាយ វីរៈ ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP នេះតាមពិតទៅ កន្លងមកមានអ្នកផ្គត់ផ្គង់ទឹកនៅទីនេះហើយ ក៏ប៉ុន្តែតំបន់នេះនៅមិនទាន់មានទឹកស្អាតប្រើប្រាស់មិនទាន់គ្រប់គ្រាន់ ទើបយើងជួយបំពេញបន្ថែម ជួយពួកគាត់ដើម្បីបន្តចែកចាយទៅប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតបានប្រើប្រាស់។ការងារនេះយើងនឹងបន្តផ្គត់ផ្គង់រហូតដល់ពួកគាត់មានទឹកប្រាស់ប្រាស់គ្រប់គ្រាន់ ទើបយើងបញ្ឈប់ការផ្គត់ផ្គង់ជាបណ្តោះអាសន្ននេះ។
ក្រោយមានការដឹកទឹកស្អាតយកទៅចែកជូនពួកគាត់ប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកទឹកចែកជូនប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកប្រើប្រាស់និងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រក្សាសិទ្ធដោយ៖សុទ្ធលី
















