Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សុក ហាច, ឧត្តម សេង ម៉ារឌី និងឧត្តម គង់ មុនីកាសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសំដែងនូវក្តីរីករាយ ដែលបានទទួលជួបសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ បន្ទាប់ជំនួបលើកមុន នាពេលក្រោយសម័យប្រជុំដំបូងនៃព្រឹទ្ធសភានីតិកាលទី៥។ សម្តេច បានលើកឡើងថា ជំនួបពេលនេះ គឺមុនពេលសម្តេចអញ្ជើញទៅប្រទេសវៀតណាមដើម្បីចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម។
នាឱកាសនោះ ឯកឧត្តម សុខ ហាច ក្នុងនាមគណបក្សឆន្ទៈខ្មែរ បានសំដែងនូវសេចក្តីរីករាយ ថ្លែងអំណរគុណ និងជាកិត្តិយសណាស់ ដែលសម្តេចបានអនុញ្ញាតឱ្យចូលជួបសំណេះសំណាល មួយឆ្នាំម្តង។ ឯកឧត្តម បានបញ្ជាក់ជូនសម្តេចតេជោ ថា សមាជិកព្រឹទ្ធសភានៃគណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែ មិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល ជាផលប្រយោជន៍របស់ជាតិយើង។ ក្នុងករណីស្ថានភាពប្រទេសជាតិ ជួបប្រទះបញ្ហាលំបាកខាងសេដ្ឋកិច្ច ខាងឯកឧត្តម មិនធ្វើឱ្យរាជរដ្ឋាភិបាលពិបាកទេ។ ឯកឧត្តម បានលើកឡើងថា ប្រទេសកម្ពុជាយើងរស់នឹងកសិកម្ម ដូចនេះ ត្រូវអភិវឌ្ឍសក្តានុពលកសិកម្ម ឱ្យបានខ្លាំងក្លា។ ជាមួយគ្នានេះដែរ យើងគួរ កសាងមូលដ្ឋានគ្រឹះនៅក្នុងវិស័យអចលនទ្រព្យ ដែលយើងកំពុងរងផលប៉ះពាល់ និងត្រូវពង្រឹងភាពប្រកួតប្រជែងរបស់យើង ជាពិសេស វិស័យទឹក ភ្លើង ការដឹកជញ្ជូន។ ឯកឧត្តម បានគូសបញ្ជាក់ថា សម្តេចធិបតី បានខិតខំប្រឹងប្រែងណាស់ក្នុងការពង្រឹងការប្រកួតប្រជែងនេះ ជាពិសេស ការពង្រឹងការគ្រប់គ្រងមន្ត្រីស្អាតស្អំ។ ឯកឧត្តម បានបន្តថា សម្តេចតេជោ និង ខាងឯកឧត្តម យល់គ្នា នៅលើផ្លូវតែ១ និងបន្តដំណើរទៅមុខទៀត។
ឯកឧត្តម សេង ម៉ារឌី បានរំលឹកថានៅក្នុងជំនួបឆ្នាំមុនជាមួយសម្តេច ឯកឧត្តម បានស្តាប់សំដី អនុសាសន៍ ការវិភាគរបស់សម្តេច ពីបញ្ហាក្នុងស្រុក និងសកល។ ឯកឧត្តម មានការកោតស្ញើបស្ងែង និងកោតសរសើរសម្តេច។ បទពិសោធរបស់សម្តេចក្នុងរយៈពេលជាង ៤០ឆ្នាំចុងក្រោយនេះ សម្តេចតែងតែរកផ្លូវចេញបានរហូត មិនដែលមានការទល់ច្រក និង បរាជ័យទេ។ ឯកឧត្តម បានបន្តថា ស្ថានការណ៍បច្ចុប្បន្នជុំវិញបញ្ហាសេដ្ឋកិច្ច គឺដូចជា ការជូនពរ ពីលើមេឃ (Blessing in the sky) ដែលមើលរូបភាព មិនសូវល្អទេ ក៏ប៉ុន្តែ អាចជាកាលានុវត្តន៍ភាព។ ឯកឧត្តម ក៏ជូនជាទស្សនយល់ឃើញថា ប្រទេសកម្ពុជាយើងគួរឈានដល់ចំណុចមួយដែលត្រូវផ្លាស់ប្តូរ នោះការចេញពីវិស័យកាត់ដេរ និងគួរវិនិយោគលើវិស័យមួយដែលគេមិនទាន់ធ្វើ គឺ ឧស្សាហកម្ម អមមនុស្សចាស់ ឬ សេវាថែទាំ និងមនុស្សចាស់ជរា ដោយផ្ទាល់ ឬ ពីចង្ងាយ អាចតាមប្រព័ន្ធអនឡាញ។
ឯកឧត្តម គង់ ម៉ូនីកា បានបន្ថែមថា សម្តេចតេជោ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអារ៉ាប់ និងបានផ្សព្វផ្សាយ និង ទាក់ទាញវិនិយោគមកកម្ពុជា។ ឯកឧត្តម យល់ឃើញថាគួរជំរុញបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ចផ្នែក កសិ-ទេសចរណ៍ ដូចជា ទេសចរបរទេស មកលេងចំការ និង បេះផ្លែឈើ ដូចនៅប្រទេសមួយចំនួន។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានគូសបញ្ជាក់ថា យើងមិនចាំបាច់មានទស្សនដូចគ្នាទាំងស្រុងទេ ទោះបីក្នុងបក្សមួយ ឬ ក្នុងគ្រួសារមួយ ក៏មិនអាចមានទស្សនដូចគ្នាទាំងស្រុងបានដែរ។ ក៏ប៉ុន្តែ យើងត្រូវយល់អ្វីដែលដូចគ្នា និង ខុសគ្នា។ ដូចគ្នា គឺ ផលប្រយោជន៍ជាតិ រីឯ ខុសគ្នា គឺ ការគិត និង ធ្វើសកម្មភាពខុសគ្នា គឺជារឿងធម្មតា។
សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាល បានបញ្ជូនពលករទៅជប៉ុន និងកូរ៉េ ដែលធ្វើការងារជួយមើលមនុស្សចាស់។ ប្រទេសទាំងនេះ កំពុងបើកសាលាបណ្តុះបណ្តាលពលករ រួចបញ្ជូនទៅធ្វើការនៅស្រុកគេ។ ជាមួយគ្នានេះដែរ យើងត្រូវរៀបចំជាប្រព័ន្ធឱ្យបានច្បាស់លាស់ កុំឱ្យមានការកេងប្រវ័ញ្ច។
ទន្ទឹមគ្នានេះដែរ កម្ពុជាកំពុងត្រូវការកម្លាំងពលកម្មនៅក្នុងស្រុក ដូចនេះ យើងកំពុងពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញទៅតាមតម្រូវការ។ រាជរដ្ឋាភិបាល មានបទពិសោធន៍ដោយបានធ្វើអន្តរាគមន៍ ពេលវិបត្តិសេដ្ឋកិច្ចសកលនៅ ២០០៨ ដោយផ្តល់ការបណ្តុះបណ្តាលជំនាញថ្មីដល់កម្មករដែលបាត់បង់ការងារដោយសារការបិទរោងចក្រ និងចាត់វិធានការជាច្រើនទៀត។ សម្តេច បានសង្កត់ធ្ងន់ថា យើងបានឆ្លងកាត់ការលំបាកជាច្រើនដង និងដឹងភាពធន់របស់យើង ។ វិបត្តិមួយ តែងបង្កប់កាលានុវត្តភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាបានពង្រឹងភាពធន់ ដោយបានបង់ពន្ធលើទំនិញដែលនាំចេញទៅប្រទេសជាច្រើន និងកាត់បន្ថយការពឹងលើប្រព័ន្ធអនុគ្រោះពន្ធ។ សម្តេចតេជោ យល់ស្របនឹង ឯឧ សុខ ហាច ថាការគ្រប់គ្រងមន្ត្រីស្អាតស្អំ ការពង្រឹងសមត្ថភាពរបស់មន្ត្រី ធនធានមនុស្ស ប្រកបដោយគុណធម៌ សំខាន់ណាស់។

ទន្ទឹមនឹងនេះដែរ យើងត្រូវពង្រឹងសមត្ថភាព និងការប្រកួតប្រជែងរបស់យើងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ចដែលយើងមាន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន កូរ៉េខាងត្បួង និង អេម៉រ៉ាតអារ៉ាប់រួម និងនៅក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន អាស៊ាន-ចិន RCEP …។
សម្តេចបានបន្ថែមថា យើងបន្តដំណើរជាមួយគ្នា នៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាព និង ស្ថិរភាពនយោបាយ។ យើងប្រឹងមួយដង្ហើមទៀត ពីពេលនេះ ទៅឆ្នាំ២០២៩ ក្នុងការចាកចេញ ពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និង ឈានដល់ ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០កិច្ចសំណេះសំណាលរវាងសម្តេចតេជោ និងសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរ ត្រូវបានបញ្ចប់ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និងដើម្បីផលប្រយោជន៍ជាតិ៕ ររក្សាសិទ្ធដោយ៖សុទ្ធលី