Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំសាលានគរបាលប្រជាជន ភាគខាងត្បូងប្រទេសវៀតណាម

ក្នុងដំណើរទស្សនកិច្ចមកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៥០ នៃទិវារំដោះទឹកដីភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាសាលានគរបាលប្រជាជនភាគខាងត្បូងប្រទេស ចំណុះក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។

លោក រ៉េន រតនៈ បានឱ្យដឹងថា ជំនួបនេះ បានប្រព្រឹត្តទៅនៅមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងឱកាសនោះ តំណាងភាគីវៀតណាម បានថ្លែងបង្ហាញក្ដីរីករាយដែលបានទទួលបដិសណ្ឋារកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមជាថ្នាក់ដឹកនាំថ្មីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ និងបានធ្វើសេចក្ដីរាយការណ៍សង្ខេបជូនប្រតិភូក្រសួងមហាផ្ទៃ អំពីសាវតានៃកិច្ចសហប្រតិការក្នុងវិស័យបណ្ដុះបណ្ដាលកងកម្លាំងជាមួយក្រសួងមហាផ្ទៃកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលកងកម្លាំងនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។

ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងជាពិសេសការចូលរួមយ៉ាងសកម្ម របស់ភាគីវៀតណាម ក្នុងការទទួលបណ្ដុះបណ្ដាលកងកម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឈរលើមូលដ្ឋាននៃមរតកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បន្តដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ និងបច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកនាំពាក្យដដែល បានឱ្យដឹងទៀតថា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនោះ ទាញចំណាប់អារម្មណ៍ភាគីវៀតណាម អំពីភាពកាន់តែសំខាន់នៃការងារបណ្ដុះបណ្ដាលពង្រឹងគុណភាពធនធានមនុស្សដែលជាកងកម្លាំង ដើម្បីឆ្លើយតបនឹងការវិវត្តប្រែប្រួលដ៏ស្មុគស្មាញនៃសភាពការណ៍សន្តិសុខក្នុងតំបន់ និងពិភពលោក ជាពិសេសការពើបប្រទះជាបន្តបន្ទាប់នូវបទល្មើសប្រឈមថ្មីៗ ទាមទារជាចាំបាច់នូវមន្រ្តី និងកម្លាំងមានសមត្ថភាព និងវិជ្ជាជីវៈ និងតម្រូវការបណ្ដុះបណ្ដាល ផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ជាប្រចាំ ដូចដែលកម្ពុជា និងវៀតណាម បាននិងកំពុងអនុវត្តសព្វថ្ងៃ។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលចូលរួមក្នុងដំណើរទស្សនកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត រួមមាន ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការ ឯកឧត្តម គៀត ច័ន្ធថារិទ្ធ រដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ អគ្គនាយកអន្តោប្រវេសន៍ អគ្គនាយកអត្តសញ្ញាណកម្ម ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី