ភ្នំពេញ ៖ ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញារងទទួលបន្ទុកការងារដឹកនាំ និងសម្របសម្រួលលើសកម្មភាពរបស់មន្រ្តី និងភ្នាក់ងារនគរបាលយុត្តិធម៌នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
អធិការដ្ឋាននគរបាលខណ្ឌឫស្សឹកែវ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ដែលមានឯកសារពាក់ព័ន្ធដាក់ឱ្យ ក្រុមហ៊ុន ភី វ៉ាយ អូ អេស អេ. គ្លូប៊ល រៀបចំឯកសារទៅរៀន និងធ្វើការនៅប្រទេសកូរ៉េ រូមមានដូចជា៖
-លិខិតឆ្លងដែន
-សំបុត្រកំណើត
-អត្តសញ្ញាណប័ណ្ណ
-សៀវភៅគ្រួសារ
-សៀវភៅស្នាក់នៅ
-សញ្ញាបត្រ
សូមមេត្តារង់ចំាមកទទួលនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បន្ទាប់ពីក្រុមការងារស្រង់ឈ្មោះរួចរាល់ ក្រុមការងារអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នឹងផ្សព្វផ្សាយជូនដំណឹងឱ្យបងប្អូនជ្រាប និងត្រួតពិនិត្យបញ្ជីឈ្មោះ នៅលើផេក “អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ”។
សូមបងប្អូនរង់ចាំមកទទួលឯកសារ ដោយពុំមានគិតប្រាក់អ្វីឡើយ។
បច្ចុប្បន្ន៖ ជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ និងរំលោភលើទំនុកចិត្ត ត្រូវបានឃាត់ខ្លួន និងកសាងនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
សូមរំលឹកថា ថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល «អេស.ភី យូហាក់» ស្ថិតនៅផ្ទះលេខ៧៥Eo ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ចំនួន៧នាក់ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន កាលពីម៉ោង១១យប់ថ្ងៃទីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីមានពលកររងគ្រោះ ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ ដោយសារបានបង់លុយរៀនហើយ តែមិនបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ព្រមទាំងបានក្លែង ឯកសារទៀតផង ដូចជាសញ្ញាបត្រទី១២ជាដើម។
ពលកររងគ្រោះមានគ្នាជាង៣០នាក់ បានផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ បន្ទាប់ពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលក្នុងម្នាក់ៗ៦០០ដុល្លារ ដើម្បីចូលសិក្សា និងរត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ តែរយៈពេល៧ខែហើយ នៅតែមិនបានទៅធ្វើការនៅប្រទេសកូរ៉េទៀត។
ការតវ៉ា និងចរចារទាមទារប្រាក់មកវិញរបស់ពួកគាត់នេះ បានធ្វើឡើងតាំងពីព្រឹករហូតដល់យប់ជ្រៅ តែមិនត្រូវគ្នា រហូតអាជ្ញាធរដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចុះទៅសម្របសម្រួល និងឃាត់ខ្លួនបុគ្គលិកដែលបម្រើការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតែម្តង។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល «អេស.ភី យូហាក់» ចំនួន៧នាក់ ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញចាត់ការបន្ត។
មនុស្សទាំង៧នាក់ រួមមាន៖
ទី១៖ ឈ្មោះ គុជ ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អគ្គនាយកក្រុមហ៊ុន
ទី២៖ ឈ្មោះ គុជ ពិសី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនាយកប្រតិបត្តិសាលា មានទីលំនៅផ្ទះជួល ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ
ទី៣៖ ឈ្មោះ រាជ ផល្លា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខE22 សង្កាត់ព្រៃស ខណ្ឌដង្កោ
ទី៤៖ ឈ្មោះ ទូច សុភក្រ័ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះE0 ផ្លូវ ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ
ទី៥៖ ឈ្មោះ យឹម សុបុត្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក មានទីលំនៅផ្ទះជួល ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ
ទី៦៖ ឈ្មោះ ស្រូច ឈឿយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិក មានទៅលំនៅ ផ្ទះជួ២១ ផ្លូវបេតុង សង្កាត់ឬស្សីកែវ
ទី៧៖ ឈ្មោះ សេង ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិក មានទៅលំនៅផ្ទះជូល ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
សម្ភារដែលដកហូតរួមមាន៖ សញ្ញាបត្រទុតិយភូមិក្លែងក្លាយចំនួន០៣ច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

