ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវ ផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឲ្យបានលឿន និងទាន់ពេលវេលា សម្រាប់អាណត្តិទី៦ របស់រដ្ឋាភិបាលថ្មីនេះ ។
“អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានទាំងអស់ ត្រូវបំពេញកាតព្វកិច្ច ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញឱ្យអស់ពីលទ្ធភាព និងទាន់ពេលវេលា ទាំងការងារផ្ដល់ប្លង់កម្មសិទ្ធិ ដែលបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ទាំងការងារអត្រានុកូលដ្ឋាន ការផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្រមរណភាពជាដើម…។ យុទ្ធនាការនេះ ប្រើរយៈពេល៣ខែ គិតពីថ្ងៃប្រជុំនេះទៅ។ ” នេះជាប្រសាសន៍លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្ដីពីការផ្ដល់សេវា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងនៅក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ដើម្បីឲ្យប្រជាប្រជាពលរដ្ឋគាំទ្រយើង យើងត្រូវធ្វើអីខ្លះជូនពួកគាត់ មានទាំង ប៉ូលិស ប៉េអឹម ខណ្ឌ សង្កាត់ មានន័យថា យើងត្រូវបម្រើពួកគាត់ទៅតាមតួនាទី ដែលយើងជួយគាត់បាន ។ លោកបញ្ជាក់ថា ការផ្តល់សេវាយឺតយ៉ាវ ត្រូវតែបញ្ចប់ ដើម្បីបង្កើនការទុកចិត្តពីប្រជាពលរដ្ឋ ។ ក្នុងនាមយើងជាអ្នកបម្រើ ត្រូវបម្រើរាស្ត្រឲ្យរាស្ត្រពេញចិត្ត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ពន្ធប្រថាប់ត្រា ការផ្ទេរផ្ទូរអចលនទ្រព្យជាដើម ត្រូវតែផ្តល់ជូន និងជួយសម្រួលឲ្យកគាត់បានលឿននិងទាន់ពេលវេលា ។
លោក បានបន្តថា ការលើកលែងការបង់ព័ន្ធប្រថាប់ត្រា ច្រើនដងមកនៅតែម្តងនេះ វាបានដល់ណាហើយ ហើយពួកគាត់បានធ្វើហើយឬនៅ បើដឹងថានៅ ត្រូវប្រាប់គាត់និងសម្រួលការងារនេះជូនគាត់ ព្រោះថា នៅថ្ងៃទី៣១ ធ្នូ ២០១៨ខាងមុខនេះ វានឹងហួសការកំណត់ នៃការលើកលែងការបង់ពន្ធនេះហើយ ។ បើយើងបម្រើចំគោលដៅ ដែលពួកគាត់ចង់បាន នោះគាត់លេងនិយាយអាក្រក់ពីយើងហើយ។
លោកសារិន វណ្ណា ប្រធានមន្ទីរដែនដី រាជធានីភ្នំពេញ បានថ្លែងថា មន្ទីរដែនដី បានធ្វើការគ្រប់វិស័យ ជាការងារអន្តរវិស័យ ដោយយើងជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋហើយ ។ មុននិងក្រោយ ការបោះឆ្នោត យើងបានធ្វើការងារជាច្រើន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ដែលមកដល់ពេលនេះ បានផ្តល់ជូនបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋបានចំនួន ១.២៣៧ក្បាលដីហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យមកំរិតទាប ទៅជាប្រជាពលរដ្ឋដែលមានជីវភាពមធ្យម កំរិតខ្ពស់។ នេះក៏ជាចំណុចល្អមួយដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋបោះឆ្នោត ជូនរហូតដល់បាន១២៥កៅអី ។
លោកប្រធានមន្ទីរ បានបន្តទៀតថា ក្នុងចំណោមបុរីទាំង១៨៩បុរី នៅក្នុងរាជធានីពេញ មន្ទីរបានជំរុញឲ្យធ្វើប័ណ្ណកម្មសិទ្ធិ បានមួយចំនួនហើយ មួយចំនួនទៀតនៅមិនទាន់ធ្វើ ដូច្នេះយើងត្រូវរួមគ្នាធ្វើ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កើតប្រាក់ចំណូលពន្ធចូលរដ្ឋផងដែរ។
លោកសារិន វណ្ណា ក៏បានជំរុញឲ្យខណ្ឌទាំងអស់ កំណត់ដែនដីរបស់ខ្លួន គ្រប់គ្រងឲ្យបានច្បាស់លាស់ រវាងដីរបស់រដ្ឋ និងដីឯកជនចៀសវាង ការធ្វើប្លង់រួចហើយ នៅតែខុស៕ ដោយ ៖ កូឡាប