Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋនិងព្រះសង្ឃសប្បាយរីករាយពេលឃើញសួនផ្កាស្បៃរឿងរីកស្រស់បំព្រង

ខេត្តកំពង់ចាម: ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានបង្កើតសួនផ្កាស្បៃរឿងមួយមានលក្ខណៈធំទូលាយនៅមាត់ទន្លេក្បែរក្រោមស្ពានគីហ្ស៊ុណាស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។ ជារៀងរាល់ថ្ងៃមានមនុស្សម្នាក្មេងចាស់ប្រុសស្រីបានមកលេងគយគន់មើលទេសភាពរីកស្រស់បំព្រង ដោយអ្នកខ្លះនៅស្រុកមេមត់ជាប់ព្រំដែនវៀតណាម ស្កាត់មកលេង ជាមួយនោះជំនាញទេសចរណ៍ខេត្តគ្រោងបង្កើតរមណីយដ្ឋានថ្មីមួយទៀត នៅបរិវេណប្រាសាទនគរបាជ័យស្រុកកំពង់សៀម។

ព្រះភិក្ខុសុ មនោ គង់នៅវត្តជីរោទ៏ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានថារៈដីកាឱ្យដឹងគ្នាល្ងាចថ្ងៃទី២៦មេសាឆ្នាំ២០២៥ថា:
ព្រះអង្គបានឃើញគេបង្ហោះចែកចាយព្រុងព្រាតតាមបណ្ដាញសង្គមពីផ្កាស្បៃរឿងពិតជារីកស្រស់ស្អាតនៅមាត់ទន្លេក្រុងកំពង់ចាម។ហើយព្រះអង្គបានឲ្យកូនសិស្សឌុបតាមម៉ូតូមួយគ្រឿងនិមន្តមកលេងឃើញថាពិតជាប្លែកភ្នែកហ្នឹងមានពុទ្ធបរិស័ទ ព្រមទាំងបងប្អូនជិតឆ្ងាយនាំគ្នាមកថតយកទេសភាពតាមទូរសព្ទដៃរៀងៗខ្លួន ក្នុងទឹកមុខស្រស់ញញឹមទៀតផង។

ព្រះភិក្ខុអង្គនេះមានថេរដិកាបន្តថា តាមការសង្កេតដោយផ្ទាល់ក្រោមការដឹកនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ពីមួយឆ្នាំទៅមួយឆ្នាំបានធ្វើឲ្យខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងការដាំផ្កាស្បៃរឿងនៅមាត់ទន្លេក្រុងកំពង់ចាមគឺបានទាក់ទាញមនុស្សមកកម្សាន្តលេងច្រើន សូម្បីតែព្រះអង្គផ្ទាល់រាងនឿយប្រកាយពេលដែលបាននិមន្តមកលេងឃើញផ្កាស្រស់បែបនេះ ធ្វើឲ្យអារម្មណ៍ជ្រះស្រឡះ ហើយគិតថាពេលណាទំនេរព្រះអង្គនឹងនិមន្តមកលេងម្ដងទៀត។

អ្នកស្រីអ៊ន់ នីតា អាយុ២៥ឆ្នាំ មានទីលំនៅស្រុកមេមត់ ជាប់ព្រំដែនវៀតណាម ក្នុងខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា នៅពេលដែលបើកទូរសព្ទដៃមើលឃើញគេផុសពីផ្កាស្បៃរឿងនៅក្រុងកំពង់ចាម ពិតជាមានភាពស្រស់ស្អាត។
រហូតមកដល់ព្រឹកថ្ងៃទី២៦មេសា ឆ្នាំ២០២៥ ក៏បានធ្វើដំណើរតាមយានយន្តជាមួយនឹងស្វាមី ហើយអាកាសធាតុមេឃស្រទុំលុះពេលមកដល់ឃើញផ្កាដាំច្រើននៅមាត់ទន្លេក្រុងកំពង់ចាម ហើយនឹងឃើញផ្ទៃទឹកទន្លេមេគង្គទៀតនោះគឺកាន់តែមានអារម្មណ៍ស្រឡះហ្នឹងរីករាយក្នុងចិត្តឥតឧបមា។ មិនតែប៉ុណ្ណោះសួនផ្កាស្បៃរឿងនេះពិតជាបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេងជាហូរហែទៀត ហើយនៅឆ្នាំ២០២៦ ទីនេះដាំផ្កាឈូករ័ត្នម្ដងវិញគឺពិតជាស្រស់ស្អាតមែនទែន។មានការកត់សម្គាល់ទោះបីមេឃបង្អល់ភ្លៀង គឺមានយុវត្តីបីនាក់បានដើរចេញពីសួនផ្កាស្បៃរឿងមកលើច្រាំងទន្លេដើម្បីជិះម៉ូតូត្រឡប់ទៅផ្ទះវិញជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។

លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ឲ្យដឹងដែរថា ក្រោមការដឹកនាំពីសំណាក់ឯកឧត្តមអភិបាលខេត្ត បានយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ផ្កាស្បៃរឿងដែលដាំនៅមាត់ទន្លេក្រុងកំពង់ចាម ពេលដែលរីកស្រស់បំព្រងធ្វើឲ្យបងប្អូនដែលមិនទាន់បានឃើញគឺមានចិត្តមួយត្រូវតែធ្វើយ៉ាងណាចំណាយពេលវេលាដើម្បីមកមើលដោយផ្ទាល់។ បើនិយាយពីវិស័យទេសចរណ៍អ្វីដែលប្លែកនោះគឺបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយតែងតែចង់ដឹងចង់ឃើញ មួយវិញទៀតក្រសួងទេសចរណ៍បានចុះមកពិនិត្យមើលដោយផ្ទាល់នៅប្រាសាទនគរបាជ័យក្នុងស្រុកកំពង់សៀម ពេលខាងមុខគ្រោងបង្កើតរមណីយដ្ឋានទេសចរណ៍មួយ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឲ្យមកកម្សាន្តលេង អាចមានសារមន្ទីរសមរម្យតូចល្មមមានដាក់រូបសំណាក់ផ្សេងៗ
ដែលមានអាយុកាលរាប់ពាន់ឆ្នាំ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី