ព្រះសីហនុ ៖ រសៀលថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៦:២០នាទី លោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ចំនួន ០១គ្រឿង លេខ២៦១ ដឹកនាំដោយវរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម(ផែលេខ២)។ ក្នុងដំណើរអញ្ជើញមកចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដំណើរទស្សនកិច្ចរបស់ប្រតិភូបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។ បន្ទាប់មកនៅរសៀលថ្ងៃដដែលគណៈប្រតិភូបញ្ជាការដ្ឋានតំបន់៥ ដឹកនាំដោយវរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការ មូលដ្ឋានសមុទ្ររាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-វៀតណាម។
នាវារបស់វៀតណាមនេះ គឺជានាវាបរទេសទី២ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម(ផែលេខ២) ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លក្ខណៈបច្ចេកទេសនាវា HQ ២៦១
-មានបណ្ដោយ ៤៩.៥៦ម៉ែត្រ
-ទទឹង ៩.២ម៉ែត្រ
-ទម្ងន់ ផ្ទុក ៣៧៥តោន
-ជម្រៅទឹក ២.៣ម៉ែត្រ
-នាវិក ៣៧នាក់
-មេបញ្ជាការនាវា លោកវរនាវីត្រី ង៉ូ ក្វាងគឿង៕ រក្សាសិទ្ធដោយ៖សុទ្ធលី





















