មណ្ឌលគិរី៖ មនុស្ស៣នាក់ និងរងរបួសធ្ងន់ស្រាល១៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចររថយន្តក្រឡាប់ នៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២៤និង៣០នាទី នៅចន្លោះគីឡូម៉ែត្រលេខ៩២-៩៣ ចុះចំណោតក្បាលស្ពានអូរងើយ នៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោកវរសេនីយ៍ទោ យឹម ចិន្តា នាយការិយាល័យនគរបាលចរាចរខេត្តមណ្ឌលគិរីបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពាក់ស្លាកលេខ 3C-3075 ភ្នំពេញ ដឹកជន្លុងម្រេចពីស្រុកមេម៉ត់មក ខេត្តមណ្ឌលគិរី។ មូលហេតុ បណ្តាលមកពីអ្នកបើកបររថយន្ដមិនស្គាល់ផ្លូវ ក្នុងស្ថានភាពផ្លូវកោង ចុះចំណោតល្បឿនលឿនខុសបច្ចេកទេស សាងលេខមិនចូលក៏ធ្លាក់ទៅម្ខាងផ្លូវ។
ករណីគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់បាត់បង់ជីវិត ក្នុង២នាក់បានស្លាប់នៅកន្លែងកើតហេតុ រីឯម្នាក់ទៀតបានស្លាប់ ពេលដែលអ្នកមកដល់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ផងដែរថា នៅក្នុងរថយន្តមានគ្នាចំនួន១៧នាក់ គឺម្នាក់ជាតៃកុងរថយន្ត ពីរនាក់ទៀតជាអ្នកប្តូររថយន្ត និងម្ចាស់ចំការ ២នាក់ និងកម្មករចំនួន១២នាក់ រងរបួសស្រាលនិងធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
ជនរងគ្រោះរងដែលបានស្លាប់ ១. ឈ្មោះ លុយ ឌឿន ភេទប្រុស អាយុ៤៣ ឆ្នាំរស់នៅ ភូមិដង្កៅទ្រៀត ស្រុកម៉េម៉ត់ក្រុងត្បូងឃ្មុំ។ ២. ឈ្មោះ លុយ ដប ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា រីឯម្នាក់ទៀតពុំទាន់បានស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយពីបានទទួលដំណឹង ស្តីពីករណីគ្រោះថ្នាក់ចរាចរនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញចុះពិនិត្យនៅកន្លែងកើតហេតុ និងឲ្យរថយន្តសង្គ្រោះការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះទៅដឹកអ្នករបួសយកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត នឹងដឹកសពយកទៅស្រុកកំណើត ឲ្យបងប្អូននិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ៕ ដោយ៖បញ្ញាស័ក្តិ