ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់៖ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ភូមិសាស្ត្រខេត្តតាកែវ, កំពត, កណ្តាល, កំពង់ស្ពឺ និង កែប និងជាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ឆ្ពោះទៅកាន់បណ្តាគោលដៅផ្សេងៗ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ថា៖ ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់ គឺសុខភាព, ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព។ រាជរដ្ឋាភិបាលក៏បានបើកចំហក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ខិតខំទាញយកពីគ្រប់សក្កានុពលទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍ និងការពារនូវអ្វីៗដែលមានស្រាប់ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។
បន្ថែមពីនេះ, សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីសារសំខាន់នៃការអភិវឌ្ឍលើផ្លូវ-ថ្នល់ ដែលជាអាទិភាពទី២ ក្នុងចំណោមអាទិភាពទាំង ៥ របស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ និងជំរុញការវិនិយោគ។ ផ្លូវ-ថ្នល់ ជាសរសៃឈាមយ៉ាងសំខាន់ ប្រៀបបានទៅនឹងសរសៃឈាមក្នុងខ្លួនមនុស្ស ដែលធានាដល់ភាពរស់នៅប្រចាំថ្ងៃ។ ដូចនេះ, ការវិនិយោគលើការកសាងផ្លូវ-ថ្នល់, ស្ពាន ជាជម្រើសដ៏ត្រឹមត្រូវបំផុតក្នុងការចែករំលែកភាគលាភនៃការរីកចំរើនទៅដល់ប្រជាពលរដ្ឋពិតប្រាកដ និងស្មើភាព។ បច្ចុប្បន្ននេះ,យើងទទួលបានមនុញ្ញផល ជាផ្លែផ្កានៃផ្ការីកនៃចលនាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍពីខេត្តមួយទៅខេត្តមួយ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែល្អប្រសើរ។ សម្តេចបវរធិបតី បានបញ្ជាក់ផងដែរថា អ្នកដែលបានផលពីការអភិវឌ្ឍនេះ គឺប្រជាពលរដ្ឋផ្ទាល់នៅក្នុងខេត្ត, អ្នកឆ្លងកាត់ និងធ្វើដំណើរធុរកិច្ច ហើយបានប្រែក្លាយកម្ពុជា ជាគោលដៅវិនិយោគ និងទេសចរណ៍កាន់តែច្រើន ដើម្បីទាញផល មកជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពោលគឺការពង្រាយនូវការអភិវឌ្ឍឱ្យបានគ្រប់ទីកន្លែង។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ-ថ្នល់ សូមគោរពច្បាប់ចរាចរណ៍ និងបើកបរ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍នានា ជាយថាហេតុ។ ផលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករដែលសម្លាប់ប្រជាពលរដ្ឋលាក់មុខយ៉ាងសកម្ម បន្ទាប់ពីសង្គ្រាមដែលយើងបានឆ្លងកាត់ ហើយផ្តល់ការខាតបង់យ៉ាងច្រើនលើការខូចខាតទាំងការចំណាយលើការព្យាបាល ការជួសជុលមធ្យោបាយដែលខូចខាត ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៅដល់រដ្ឋបាលខេត្តដែលពាក់ព័ន្ធ ក្រោយទទួលបានសមិទ្ធផលថ្ងៃនេះ ត្រូវខិតខំបង្កលក្ខណៈ ជំរុញ និងសម្របសម្រួលដល់ការអភិវឌ្ឍ ការវិនិយោគឱ្យកាន់តែខ្ពស់បន្ថែមទៀត ដោយប្តូរពីទស្សនៈ ” គេមកវិនិយោគក្នុងខេត្តខ្ញុំបានអ្វី” មកជា “ប្រជាពលរដ្ឋយើងនឹងទទួលបានអ្វីពីការអភិវឌ្ឍ និងការវិនិយោគ” ហើយកត្តាអាទិភាពបំផុតនោះ គឺការជំរុញ “ការផ្តល់សេវាឱ្យល្អបំផុត រហ័ស និងជឿទុកចិត្ត”។ រក្សាសិទ្ធដោយ៖សុទ្ធលី






