ខេត្តតាកែវ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នាព្រឹកថ្ងៃអង្គារ ទី២៩ មេសា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ផ្លូវទាំង៣ខ្សែនេះតភ្ជាប់ប្រទាក់ក្រឡារវាងខេត្តចំនួន៥ នាទិសនិរតីនៃប្រទេសកម្ពុជា មានខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត និងខេត្តកែប ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ ដោយធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ ក៏ដូចជាប្រព័ន្ធឡូជីស្ទីក និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាភ្ជាប់ទៅតំបន់ជាប់ព្រំដែន ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមជួយថែទាំផ្លូវទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
សម្តេចបវរធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តធ្វើផ្លូវ ឱ្យបានច្រើន និងកាន់តែខ្វាត់ខ្វែងបន្ថែមទៀត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ តែយ៉ាងនេះក្តី សម្តេចបវរធិបតីបានអំពាវដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវទាំងអស់ ទាំងអ្នកធ្វើដំណើរ អ្នកបើបររថយន្ត អ្នកជិះម៉ូតូ និងអ្នករត់កាត់ផ្លួវ ចូលរួមថែរក្សាទាំងអស់គ្នា។
ជាមួយគ្នានេះ សម្តេចបវរធិបតី ថែមទាំងអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលបច្ចុប្បន្ននេះ បានបង្កឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនគូរឱ្យកត់សម្គាល់ ពោលគឺច្រើនជាងគ្រោះថ្នាក់ដោយសារគ្រាប់មីនទៅទៀត។
ទន្ទឹមគ្នានេះ សម្តេចក៏អំពាវនាវឱ្យវិស័យឯកជន ធុរជន ទាញយកសក្តានុពលពីផ្លូវទាំងអស់នេះឱ្យបានច្រើន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត។
សូមជម្រាបថា ផ្លូវជាតិលេខ៤១ ៣១ និង៣៣ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ត្រូវបានបើកការដ្ឋានលើកកម្ពស់គុណភាព និងស្តារឡើងវិញជាបន្តបន្ទាប់កាលពីចុងខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចនៅកាន់ការងារជានាយករដ្ឋមន្ត្រី។
ផ្លូវជាតិទាំង៣ខ្សែនេះ ជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏សំខាន់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ ពីខេត្តភាគពាយព្យប្រទេស ទៅកាន់ខេត្តជាប់សមុទ្រភាគនិរតី៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















