ភ្នំពេញ ៖ សារលិខិតអបអរសាទរ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ” ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម និងប្រជាជនចិនជាមិត្ត ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់បក្សកុម្មុយនិស្តចិន និងឯកឧត្តម សាធារណរដ្ឋប្រជាមានិតចិន មានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ ដោយសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី១ នៅឆ្នាំ ២០២១ ។ ជាការពិតណាស់ ប្រទេសចិន កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ ១០០ឆ្នាំ លើកទី២ នៅឆ្នាំ ២០៤៩ ក្នុង ពេលដែលប្រទេសចិនកំពុងដើរតួនាទីសំខាន់ និងកាន់តែលេចធ្លោ នៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈ គំនិតផ្តួចផ្តើមចម្បងៗ ដែលលើកកម្ពស់ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសន្តិភាព និង ចីរភាពសកល។
កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះចំណងមិត្តភាពដែកថែប ដែលកម្ពុជាមានជាមួយចិន។ ក្នុងស្មារតីនេះ យើងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញឱ្យសម្រេច បានគោលដៅ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនាំមកនូវវិបុលភាពយូរអង្វែងដល់ប្រជាជនរបស់យើង និងរួមចំណែក ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក” ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



