Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជួយរកឃើញសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយស្របតាមវិធានការគន្លឹះ ដើម្បីគាំទ្រកំណែទម្រង់រដ្ឋបាលសាធារណៈ និងចក្ខុវិស័យឆ្នាំ២០៥០

ភ្នំពេញ ៖ “ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជួយរកឃើញសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយស្របតាមវិធានការគន្លឹះ ដើម្បីគាំទ្រកំណែទម្រង់រដ្ឋបាលសាធារណៈ និងចក្ខុវិស័យឆ្នាំ២០៥០។” នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម កែប​ ជុតិមា ប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ក្នុងសុន្ទរកថាស្វាគមន៍នៃសិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ឯកឧត្តម កែប ជុតិមា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងមុខងារសាធារណៈ និងគណៈកម្មការរដ្ឋសភា នាពេលកន្លងមក ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជារដ្ឋមន្រ្តី ដឹកនាំក្រសួងឱ្យសម្រេចបាននូវលទ្ធផលបន្តបន្ទាប់ជូនជាតិ និងប្រជាពលរដ្ឋ។
ទន្ទឹមនឹងការកោតសរសើរនេះ ឯកឧត្តមប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានមានប្រសាសន៍ថា “សិក្ខាសាលាដ៏មានសារៈសំខាន់នាពេលនេះ នឹងអាចឱ្យសិក្ខាកាមអាចស្វែងយល់ជាវិស័យ ជាសារវ័ន្ត សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់ការងារ ពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកការកែទម្រង់រដ្ឋបាលសាធារណៈ វិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវអនុវត្តជាចាំបាច់ និងបន្ទាន់។”

“ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជាជំហ៊ានសំខាន់ក្នុងការកែលម្អប្រសិទ្ធភាពអង្គភាពសាធារណៈ បង្កើនគុណភាពសេវាគ្រប់គ្រងល្អ ដែលដំណើរការនេះ ជួយរកឃើញសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយស្របតាមវិធានការគន្លឹះ ដើម្បីគាំទ្រកំណែទម្រង់រដ្ឋបាលសាធារណៈ និងចក្ខុវិស័យឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។” ឯកឧត្តមប្រធាន បានបញ្ជាក់បន្ថែម៕ រក្សាសិទ្ធដោយ៖សុទ្ធលី