Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី គាំទ្រការរីកចម្រើនរបស់សហគមន៍ជនបទ នៅកម្ពុជា

ភ្នំពេញ ៖ តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់យើង អូស្ត្រាលីកំពុងជួយដល់សហគមន៍ជនបទឱ្យកាន់តែរីកចម្រើន តាមរយៈការពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ការផ្តល់ជំនួយដល់ប្រតិបត្តិការដោះមីន ការលើកកម្ពស់ផលិតភាពកសិកម្ម និងកសិ-កែច្នៃ ការជំរុញសហគ្រិនភាពកម្រិតភូមិ គាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងលទ្ធភាពទទួលបានសេវាថែទាំសុខភាពសង្គ្រោះជីវិត និងសេវាមូលដ្ឋានផ្សេងៗទៀត។

នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម Derek Yip, ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចំាកម្ពុជា បានអញ្ជើញជួប ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិភាក្សាការងារអំពីការគាំទ្ររបស់អូស្ត្រាលី ចំពោះការអភិវឌ្ឍជនបទនៅកម្ពុជា។ ក្នុងជំនួបនេះ ក៏បានលើកឡើងពីតួនាទីដ៏សំខាន់នៃភាពជាដៃគូរបស់យើងជាមួយអង្គការមិនមែនរដ្ឋាភិបាល ដែលបានជួយឱ្យការងារនេះកាន់តែមានប្រសិទ្ធិភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ“ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។ ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទជាមួយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនាពេលកន្លងមក ដោយប្រទេសអូស្ត្រាលីបានផ្តល់ជាហិរញ្ញប្បទានឥតសំណងរួមចំណែកក្នុងការស្ថាបនាផ្លូវជនបទ និងសំណង់សិល្បការ្យជាច្រើន ព្រមទាំងបានផ្តល់ជាវគ្គបណ្តុះបណ្តាលនានាជូនដល់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍បទ និងរួមចំណែកជួយអភិវឌ្ឍន៍វិស័យទឹកស្អាត និងសុខភាពអនាម័យជនបទតាមរយៈអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាផងដែរ។

ឯកឧត្តម Derek Yip បានថ្លែងអំណរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម ព្រមទាំងសហការីបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថារដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងរដ្ឋាភិបាលប្រទេសកម្ពុជា គឺមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាយូរណាស់មកហើយ។ ហើយបច្ចុប្បន្នប្រទេសទាំងពីរ ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធិតាមរយៈការផ្តល់ជាជំនួយនានាមកកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា ក្នុងអាណត្តិថ្មីរបស់ឯកឧត្តម នារយៈពេល ៩ខែកន្លងមកនេះ ឯកឧត្តមបានចុះបំពេញបេសកកម្មក្នុងការត្រួតពិនិត្យសមិទ្ធផល នៃគម្រោងនានា ទាក់ទងនឹងវិស័យកសិកម្ម វិស័យអប់រំ វិស័យទឹកស្អាត និងអនាម័យជនបទ ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា និងសង្កេតឃើញពីការីកចម្រើនលើគ្រប់វិស័យនៅតំបន់ជនបទកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានប្តេជ្ញានឹងបន្តជួយអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងបន្តជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទរឹង និងទុននានាបន្ថែមទៀតនៅតំបន់ជនបទ តាមការស្នើសុំរបស់ក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់លើការរៀបចំភូមិគំរូគន្លឹះ ព្រោះភូមិគំរូគន្លឹះ គឺជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍដែលផ្ដល់សេវាសង្គម សេដ្ឋកិច្ច និងផលជះវិជ្ជមានដល់ភូមិដទៃដែលនៅជុំវិញ ដែលអាចធានាបាននូវកំណើនមុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ដែលកាត់បន្ថយវិសមភាពសង្គមរវាងជនបទ និងទីក្រុង ពោលគឺជាតំបន់ជនបទស៊ីវីល័យ។ ជាមួយគ្នានោះតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើរដ្ឋាភិបាលអូស្ត្រាលី ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា មេត្តាជួយគាំទ្រ និងចូលរួមអនុវត្តគម្រោងភូមិគំរូគន្លឹះជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានជោគជ័យធ្វើអោយគ្រប់ភូមិក្នុងព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍន៍នៅមុនឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីដែលអញ្ជើញមកទស្សនកិច្ចនាពេលនេះ និងថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ៕ រក្សាសិទ្ធដោយ៖សុទ្ធលី