Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ៖ ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព»​។

នាព្រឹកថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព»​។
កម្មវិធីដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល​ ភ្នំពេញភូគីត្រានេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម​ Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា​ និងលោកស្រី​ Rebekah Bell តំណាងអង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ ។
ថ្លែងទៅកាន់អង្គពិធី​ ឯកឧត្តមរដ្ឋមន្រ្តី​ បានសម្តែងការស្វាគមន៍​យ៉ាងកក់ក្តៅ​ និងថ្លែងអំណរគុណចំពោះការចូលរួមកម្មវិធី «ទិវាភពផែនដី»។
ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា នាឆ្នាំនេះ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ សម្រេចលើកយក​អនុវិស័យជលផលធ្វើជាប្រធានបទសំខាន់ ដោយសារធនធានជលផលជាប្រភពអាហារូបត្ថម្ភ​ និងប្រូតេអុីន​សម្រាប់ប្រជាជនកម្ពុជា។
នាឱកាសនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលជលផល​ ដែលបានខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ សហការរួមគ្នាជាមួយ​ដៃគូអភិវឌ្ឍន៍នានា និងដាក់មធ្យោបាយរួម​ក្នុងការពង្រឹងច្បាប់​ លុបបំបាត់បទល្មេីសនេសាទខុសច្បាប់​ និងចូលរួមអភិរក្សធនធានជលផលទឹកសាប​ និងសមុទ្រ​ ទទួលបានលទ្ធផលជាច្រេីនគួរជាទីគាប់ចិត្ត​។

ឯកឧត្តមរដ្ឋមន្ដ្រីមានប្រសាសន៍លេីកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀតជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព​ និងនិរន្តរភាព។
តាងនាមក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប​ អង្គការ FAO អង្គការ UNIDO ទីភ្នាក់ងារ AFD និងអង្គការ GIZ ជាដើម ដែលជាដៃគូសំខាន់ក្នុងការចូលរួមគាំទ្រអនុវត្តការងារប្រកបដោយភាពជោគជ័យគួរឱ្យកត់សម្គាល់​៕រក្សាសិទ្ធដោយ៖សុទ្ធលី