ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសប្រទានព្រះបរមរាជឱង្ការថា «វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យ និមិត្តរូបនីតិរដ្ឋ ដែលមាន រដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយនៅព្រះរាជាណាចក្រកម្ពុជាយើង»។ នេះបើតាមសារាចររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៥។
ប្រតិបត្តិតាមព្រះបរមរាជឱង្ការដ៏ខ្ពង់ខ្ពស់បំផុត និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រមទាំងអនុក្រឹត្យលេខ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្តីពីវិធាននិងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ រាជរដ្ឋាភិបាលសូមណែនាំអំពីការគ្រប់គ្រង វិមានរដ្ឋធម្មនុញ្ញ និងទីតាំងដីរួមទាំងសួនច្បារវិមានរដ្ឋធម្មនុញ្ញ ដូចខាងក្រោម៖
១- ក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់គ្រង ថែរក្សា ការពារ អភិរក្ស អភិវឌ្ឍ ជួសជុល និងកែលម្អតួសំណង់ដែលជា នីតិបូជនីយដ្ឋានទាំងមូល ទាំងខាងក្នុងនិងខាងក្រៅ រួមទាំងបរិវេណជុំវិញដែលជាបង្គុំនៃសំណង់ នីតិបូជនីយដ្ឋាន ដូចមានគំនូសប្លង់ជាឧបសម្ព័ន្ធនៃសារាចរនេះ។ ការសម្អាតអនាម័យ សេវា និង ប្រព័ន្ធបំភ្លឺក្នុងបរិវេណខាងក្នុងនៃ “ខេមរសន្តិមូលសាល» ជាទីតាំង ស្តម្ភរដ្ឋធម្មនុញ្ញ ដែលខាងលើ មានទម្រតម្កល់ ព្រះសិរមហាព្រហ្ម ជាការគ្រប់គ្រងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
២- រដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវក្នុងការធានាថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ និងការបំភ្លឺតួសំណង់ដែលជានីតិបូជនីយដ្ឋាននៅផ្នែកខាងក្រៅ និងបរិវេណជុំវិញដែលជាបង្គុំនៃសំណង់នីតិបូជនីយដ្ឋាន ព្រមទាំងថែទាំអំពូលនៅផ្នែកខាងក្រៅ នៃតួសំណង់ សួនច្បារ និងបរិវេណជុំវិញ។ ការភ្ជាប់បណ្តាញនិងការប្រើប្រាស់បរិមាណទឹកនិងអគ្គិសនី ជាបន្ទុកចំណាយរបស់រដ្ឋបាលរាជធានីភ្នំពេញ។
៣- ក្រុមប្រឹក្សាធម្មនុញ្ញ ចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវតួសំណង់ដែលជានីតិបូជនីយដ្ឋានទាំងមូល ទាំងខាងក្នុងនិងខាងក្រៅ រួមទាំងបរិវេណជុំវិញដែលជាបង្គុំនៃសំណង់នីតិបូជនីយដ្ឋាន នៅក្នុងបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដូចមានគំនូសប្លង់ជាឧបសម្ព័ន្ធនៃសារាចរនេះ។
ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះទីតាំងដីរួមទាំងសួនច្បារវិមានរដ្ឋធម្មនុញ្ញ ដែលបានចុះបញ្ជីតាម វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២១៣០១០៥-០២១៤ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នៅក្នុងបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលរាជធានីភ្នំពេញ។
៤- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវសម្របសម្រួលពិនិត្យលើ ការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវតួសំណង់វិមានរដ្ឋធម្មនុញ្ញ និងទីតាំងដីរួមទាំងសួនច្បារ វិមានរដ្ឋធម្មនុញ្ញ របស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងពីរ ដូចមានកំណត់ក្នុងចំណុចទី៣ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៥- ចំពោះរបៀបរបបលម្អិតនៃការប្រើប្រាស់និងថែរក្សាស្របតាមកម្មវិធីនៃពិធីបុណ្យជាតិ អន្តរជាតិ និង ព្រឹត្តិការណ៍សំខាន់នានានៅទីតាំងវិមានរដ្ឋធម្មនុញ្ញ ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមការពិភាក្សាលើការអនុវត្តជាក់ស្តែងរបស់គ្រប់ភាគីពាក់ព័ន្ធ។
ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្ត ឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី







