ខេត្តពោធិ៍សាត់៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០ និង១៥នាទីយប់ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានធ្វើការចុះបង្ក្រាបជាក់ស្តែង ករណីសញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ ដែលជនល្មើសបានលួចលាក់ប្រព្រឹត្តិក្រោមស្លាក ហាងម៉ាស្សាកោសជប់ ស្ថិតនៅភូមិត្នោតទ្រេត និងភូមិរា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីអនុវត្តតាមនីតិវិធី និងសង្គ្រោះបាននារីរងគ្រោះចំនួន ២២នាក់ (បញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្ត)៕ រក្សាសិទ្ធដោយ៖សុទ្ធលី




