ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនប្រតិភូនៃក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ដឹកនាំដោយ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុនបានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីសាវតារបស់ក្រុមហ៊ុន ព្រមទាំងការចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយផងដែរ។ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជា រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកំពង់ផែ, វិស័យហិរញ្ញវត្ថុធនាគារ, វិស័យអប់រំ, និងការលើកម្ពស់សន្តិសុខស្បៀង តាមរយៈការកែច្នៃផលិតផលកសិកម្ម និងផលិតផលហាឡាល់(Halal) ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ ជាមួយគ្នានេះ លោកក៏បានស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីបរិយាសវិនិយោគ និងវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនគួរនឹងពិចារណាបន្ថែម។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានជម្រាបបន្ថែមឱ្យកាន់តែច្បាស់អំពីសក្តានុពលវិជ្ជមាននានា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពចំហ ការការពារ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីវិស័យសក្តានុពលជាមុខសញ្ញាវិនិយោគផ្សេងទៀត ដែលក្រុមហ៊ុនគួរពិចារណារួមមាន៖ វិស័យកសិ-ឧស្សាហកម្ម, វិស័យយានយន្ត, វិស័យបច្ចេកវិទ្យាឌីជីថល, ការកែច្នៃចំណីអាហារ, និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិក ជាដើម៕រក្សាសិទ្ធដោយ៖សុទ្ធលី






