ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍកំពង់ផែទាំង៣ជំហាន ចំណាយថវិកាប្រមាណ ៧០០លានដុល្លារអាមេរិកហើយសម្តេច បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបានធ្វើជាដៃគូដ៏ល្អអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ២០៣០ នឹងអាចឱ្យនាវាដឹកទំនិញគ្រប់ប្រភេទ ជុំវិញពិភលោក អាចចូលលើក-ដាក់ទំនិញដោយផ្ទាល់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា ក្រោយជួបជាមួយ លោក គីស៊ីដា បាន៤ថ្ងៃ សម្តេចបានអញ្ជើញមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបុកគ្រឹះពង្រីកចំណតផែជំហាន១ ដែលបានចរចាតាំងពីអាណត្តិសម្តេចតេជោ ដែលជំហាន១ ជំរុញឱ្យមានជម្រៅទឹក១៤,៥ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញ៦០ ០០០DWT ចូលបាន ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៧។
សម្តេចធិបតី បញ្ជាក់ថា សម្រាប់ជំហានទី២ គ្រោងធ្វើឱ្យចប់នៅឆ្នាំ២០២៩ ដែលអាចឱ្យមានជម្រៅទឹក ១៦,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាដឹកទំនិញ មកពីឥណ្ឌូប៉ាស៊ីហ្វិក ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន៩៥% ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជំហានទី៣ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣០នេះ យើងធ្វើជីកទៅដល់១៧ម៉ែត្រកន្លះ ហើយ១៧ម៉ែត្រកន្លះនេះ បានន័យថា កប៉ាល់នៅទូទាំងពិភពលោក អាចចូលមកដល់ផែខេត្តព្រះសីហនុយើងតែម្តង ដោយមិនចាំបាច់ផ្ទេរផ្ទុកពីកន្លែងណា ចឹងកាន់តែសកម្ម។
សម្តេចធិបតី បន្ថែមថា ទាំងលំហូរ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រាជរដ្ឋាភិបាល បានរៀបចំច្រើន ហើយនិងបន្តគិតគូរបន្ថែមទៀតទៅថ្ងៃមុខ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ តែងមានគេចង់បាន តែត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនតាំងពីពេលសម្តេចតេជោនៅដឹកនាំប្រទេស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រឹងប្រែងក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយធ្វើឱ្យផែនេះមានសមត្ថភាព កាន់តែខ្ពស់សម្រាប់ការចេញចូលនាវាក្នុងតំបន់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងគិតគូរកាត់នីតិវិធីផ្សេងៗ ដើម្បីឱ្យទាក់ទាញនាវាចូលមកផែស្វយ័តក្រុងព្រះសីហនុ កាន់តែច្រើន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង ៤៣០ ម៉ែត្រ ជម្រៅទឹក -១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាជម្រៅទឹក១៦ម៉ែត្រ មាន ចំណុះផ្ទុក ១៦០.០០០DWT (ឬស្មើនឹង ១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងពិភពលោក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់ ពុំមានឧបសគ្គជម្រៅទឹកទៀតឡើយ ហើយនឹងឱ្យសមត្ថភាពកំពង់ផែសរុប កើនដល់ប្រមាណ ២.៦៣៧.០០០ TEUs/ឆ្នាំ។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលបានចាប់ផ្ដើមនៅឆ្នាំ១៨៨៦ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់ប្រជាពលករ គិតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល ១៣៩ឆ្នាំ ដែលពិភពលោកបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ។ សម្រាប់កម្ពុជាវិញ យើងបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភាជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៧៩ និងបានកំណត់ជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងកម្មករ និយោជិតទាំងអស់ដូចគ្នា ។ រាជរដ្ឋាភិបាលរាប់ចាប់តាំងពីអាណត្តិ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និងអាណត្តិទី៧នេះ តែងតែបានណែនាំដល់ស្ថាប័នជំនាញឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករគ្រប់ៗរូប ស្របតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ជាពិសេសបានបង្កើតនូវយន្តការឆ្លើយតបទាន់ពេលវេលា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គមជូនដល់កម្មករកម្មការិនី និងយុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើ តាមរយៈមូលនិធិពិសេសផ្សេងៗ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





















