ច្រកអានសេះ ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ដោយឯកតោភាគីពីសំណាក់ភាគីថៃ។
ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ សូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ វេលា ម៉ោង៩ព្រឹក ភាគីថៃបានបិទច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឯកតោភាគីពីសំណាក់កងកម្លាំងសុរៈណារីថៃ ប្រចាំការនៅ ច្រកទ្វារព្រំដែនអានម៉ា (ភាគីថៃ)។
ច្រកទ្វារព្រំដែនអានសេះ បើកដំណើរការដោះដូរទំនិញ រយះពេល ២ថ្ងៃក្នុង ១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍) ដោយមានការផ្លាស់ប្តូរទំនិញគ្នាបន្តិចបន្តួចប៉ុណ្ណោះ ក្នុងនោះ ប្រជាពលរដ្ឋកម្ពុជានាំយកកសិផល និងអនុផលព្រៃឈើតាមរដូវកាលទៅលក់ឲ្យភាគីថៃ (ចុងផ្តៅ ផ្សិត ផ្លែស្វាយ ល្ពៅ…ល) និងភាគីថៃ មានលក់ទឹកសុទ្ធ ដួង មាន់ និងអីវ៉ាន់ចាបហួយមួយចំនួន។
ការបិទច្រកនេះ គឺមិនមានភាគីណាមួយចំណេញនោះទេ ប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យអាជីវករ ទាំងសងខាងកម្ពុជា-ថៃ មានការខាតបង់ផលប្រយោជន៍ ដែលតាមការពិនិត្យជាក់ស្តែងឃើញថា អាជីវករថៃ មានការខាតបង់ច្រើនជាង៕ រក្សាសិទ្ធដោយ៖សុទ្ធលី






