ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ព្រមទាំងសហការីអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ ។
ក្នុងឱកាសនៃជំនួបនារសៀលនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ឺរ៉ង់ ព្រមទាំងបានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តម ក៏បានបញ្ជាក់ពីជំហររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកំពង់ផែ និងការពិនិត្យលទ្ធភាពក្នុងការបើកជើងហោះហើរត្រង់ពីរដ្ឋធានីតេហេរ៉ង់ មកកាន់រាជធានីភ្នំពេញ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម Ali Akbar Nazari ក្នុងនាមជាឯកអគ្គរដ្ឋទូតអ៊ឺរ៉ង់ប្រចាំកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជាក់ថាបេសកកម្មការទូតរបស់ឯកឧត្តម នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើង ពិសេសគឺការជំរុញឱ្យមានកំណើនវិនិយោគពីអ៊ឺរ៉ង់មកកម្ពុជានាពេលអនាគត។ តាមរយៈជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការចែករំលែកនូវបទពិសោធន៍ការងារកន្លងមកពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





