រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន» ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ជាមួយនោះអនាគតស្រុកជើងព្រៃនិងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសទៀតផង។
ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ ស្ថិតនៅឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ អង្គភាពស្ថាប័នពាក់ព័ន្ធ លោក លោកស្រី អគ្គនាយក នាយក ឬតំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ជាង៧០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប ៦២៣សហគ្រាស កម្មករ និយោជិតសរុប ៤៧,០៣២នាក់ ក្នុងនោះឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ២៧កន្លែង ក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១កន្លែង ដោយមានរោងចក្រ សហគ្រាសកំពុងដំណើការចំនួន ៨កន្លែង និងមានកម្មករនិយោជិតសរុប ២៥៦៨ នាក់ កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ម្នាក់ៗ ទទួលបានប្រាក់ចំណូលជាមធ្យម ២៥៤$ដុល្លារអាមេរិក និងវិស័យផ្សេងៗ ទទួលបានប្រាក់ចំណូល ជាមធ្យម ២៣៤$ដុល្លារអាមេរិក បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតជាមធ្យមប្រចាំឆ្នាំវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ប្រមាណជា ១៤១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលបានរួមចំណែកបង្កើនចំណូលរបស់ប្រជាជនខេត្តកំពង់ចាមប្រចាំឆ្នាំ(GDP) ក្នុងម្នាក់ៗ ចំនួន២.៤៧៨ ដុល្លារអាមេរិក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់លោក លោកស្រីអគ្គនាយក នាយក ឬម្ចាស់ រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ជាពិសេសផលិត បដាពាក្យស្លោក តាមខ្លឹមសារ សារាចរណែនាំ និងជ្រើសរើសទីតាំងសំខាន់ៗ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ព្រមទាំងចូលរួមផ្សព្វផ្សាយសាលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន» ដើម្បីរួមចំណែកបង្កើតភាពសុខដុមរមនា រវាងនិយោជក និងកម្មករនិយោជិត៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី













