ភ្នំពេញ ៖ ក្នុងថ្ងៃប្រារព្ធ ទិវាសេរីភាពសារព័ត៌មាន លើកទី៣២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមបញ្ជាក់សាជាថ្មីថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងឱកាសដែលបណ្តាប្រទេសនានានៅលើពិភពលោក ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ ប្រចាំឆ្នាំដ៏មានសារៈសំខាន់ក្នុងវិស័យសារព័ត៌មាន, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជា មានសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរ និងជូនពរបងប្អូនអ្នកសារព័ត៌មានខ្មែរ និងបរទេស ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចនឿយហត់ដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ខ្លួនជូនដល់ សាធារណជន។ ទិវាសេរីភាពសារព័ត៌មាននេះ ជាថ្ងៃដ៏មានអត្ថន័យ ដែលរំឭកពីសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយ ក៏ដូចជាទិវារំឭកដល់វីរភាព និងការលះបង់របស់អ្នកសារព័ត៌មាន ក្នុងការបំពេញការងាររាយការណ៍ព័ត៌មានពិតត្រឹមត្រូវជូនសាធារណជន។
ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើង ក្រោម ប្រធានបទការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន: ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ» ដោយផ្តោតជាសំខាន់លើបរិបទនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលបណ្តាលឱ្យមានការប្រែប្រួលនៃប្រតិបត្តិការផ្នែកកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។ ការណ៍នេះទាមទារឱ្យអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ រួមមានអ្នកសារព័ត៌មាន អ្នកផលិតមាតិកាជាដើម ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងសាធារណជនដែលជាអ្នកទទួលនិងប្រើប្រាស់ព័ត៌មាន ត្រូវមានចំណេះដឹងផ្នែកអក្ខរកម្ម
ព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយនិងអក្ខរកម្មឌីជីថល ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺការធានា បានសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ ខ្លឹមសារព័ត៌មានដែលផ្សព្វផ្សាយប្រកបដោយគុណភាព និងគោរព គោលការណ៍គ្រឹះផ្នែកសារព័ត៌មាន និងធានាបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។
បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមានភាពសម្បូណ៌បែបដែលជាមធ្យោបាយផ្តល់ព័ត៌មាន ចម្រុះសម្រាប់សាធារណជន។ យោងតាមជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩, ការវាយតម្លៃតាមចំនួនឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនបង្ហាញថាចំនួនគ្រួសារពលរដ្ឋ ៩២ភាគរយ ទទួលបាន ព័ត៌មានតាមគ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មីរបស់រដ្ឋនិងឯកជន និងចំនួនគ្រួសារពលរដ្ឋ ៧០ភាគរយ ទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរបស់រដ្ឋ និងឯកជន។ គិតត្រឹមដើម ត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង ព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០ អង្គភាព ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី រោងពុម្ព មាន៧៤៥ អង្គភាព និងប្រព័ន្ធផ្សព្វផ្សាយទំនើប រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ប្រភេទ OTT និងទូរទស្សន៍ផ្កាយរណប សរុបមានចំនួន៨៧៥ អង្គភាព។ នេះមិនទាន់រាប់បញ្ចូលបណ្តាញសង្គមហ្វេសប៊ុក ទឹកតុក តេឡេក្រាម CoolApp ជាច្រើនលានគណនីផ្សេងទៀត ដែលកំពុងដើរតួនាទីសំខាន់ជាមធ្យោបាយក្នុងការផ្សព្វផ្សាយ ព័ត៌មាន និងទទួលព័ត៌មាន។ នៅត្រឹមចុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងព័ត៌មាន បានចេញបណ្ណ សារព័ត៌មាន ដែលបានបំពាក់ QR code ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រួចរាល់ជូនដល់អង្គភាព និងអ្នកសារព័ត៌មានបានចំនួន ៨ ០៦២ បណ្ណ ដែលអ្នកសារព័ត៌មានទាំងនោះបាននិងកំពុងធ្វើសកម្មភាព យ៉ាងសកម្មក្នុងវិស័យសារព័ត៌មាន។
ជាមួយការរីកចម្រើននិងភាពសម្បូណ៌បែប យើងទាំងអស់គ្នាក៏បានកត់សម្គាល់ពីការប្រើប្រាស់ ឧត្តមភាពផ្នែកបច្ចេកវិទ្យាដោយអសីលធម៌ និងការមិនទទួលខុសត្រូវ ជាពិសេសការបង្កើតដំណឹង ក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបន្លំ ក្នុងចេតនាទុច្ចរិត បង្កការភាន់ច្រឡំ ចលាចលសង្គម ដែលធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ប៉ះពាល់ដល់សង្គម វប្បធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់ មនុស្សជាតិផងដែរ។ បន្ថែមលើនេះ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះវិបត្តិជម្លោះ ប្រដាប់អាវុធនិងសង្គ្រាមពាណិជ្ជកម្ម ការប្រើប្រាស់បច្ចេកវិទ្យានេះ ត្រូវតែមានអភិបាលកិច្ច និងការទទួល ខុសត្រូវខ្ពស់តាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបទប្បញ្ញត្តិជាធរមាន ដើម្បីរក្សាសណ្តាប់ធ្នាប់និង ស្ថិរភាពសង្គម។ ក្នុងន័យនេះ យើងទាំងអស់គ្នា ចាំបាច់ត្រូវបន្តនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីផ្តល់ព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយទាំងក្នុងតំបន់ និង លើសកលលោក។
ក្នុងថ្ងៃប្រារព្ធ ទិវាសេរីភាពសារព័ត៌មាន លើកទី៣២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបញ្ជាក់ សាជាថ្មីថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ។ ការណ៍នេះ ត្រូវបានបញ្ជាក់ច្បាស់លាស់ក្នុងប្រសើរដោយសារមានការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មានបានល្អ ការកើនឡើងការគោរព អនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងវិធានការទាំងឡាយក្នុងការពង្រឹងសន្តិសុខព័ត៌មាន សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានមានប្រសិទ្ធភាព។ ក្នុងន័យនេះ ការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន គឺមានសារៈសំខាន់ ដោយត្រូវប្រកាន់ខ្ជាប់ក្នុងអាជីពជាអ្នកសារព័ត៌មាន។ ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលប្រកាសដាក់ឱ្យ អនុវត្តកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដោយក្រសួងព័ត៌មាន ក៏បានចូលរួមពង្រឹងការអនុវត្តក្រម សីលធម៌វិជ្ជាជីវៈ ហើយខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន អង្គភាព សារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនព្រោះក្រមសីលធម៌វិជ្ជាជីវៈជា អាវក្រោះ ការពារអ្នកសារព័ត៌មានគ្រប់កាលៈទេសៈ។
ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួម អភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម។ កម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់ សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។ នៅកម្ពុជា យើងទទួលស្គាល់ការចូលរួមដ៏សំខាន់ របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងបាននាំយក ព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដែលជាទំនាក់ទំនងទ្វេមុខក្នុងទិសដៅរួមតែមួយគឺពលរដ្ឋទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយទាក់ទងនឹងច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ជូនប្រជាពលរដ្ឋ និងការភ្ជាប់ពីសំណើសំណូមពរ និងបញ្ហាផ្សេងៗរបស់ពលរដ្ឋដើម្បីរាជរដ្ឋាភិបាលដោះស្រាយ។ កម្ពុជា សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជាកាន់តែមានភាពរីកចម្រើនពោរពេញដោយគុណភាព។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានមើលឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុង ការធ្វើបរិវត្តកម្មឌីជីថល និងការទទួលបានព័ត៌មាន។ នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលកំពុងរីក ចម្រើននេះ រាជរដ្ឋាភិបាលលើកទឹកចិត្តបងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងស្ថាប័នសារព័ត៌មាន ឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងស្តង់ដាក្រមសីលធម៌វិជ្ជាជីវៈ ខណៈដែលសារព័ត៌មានបន្តធ្វើ ជាស្ពានតភ្ជាប់រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ជាការពិត តាមរយៈប្រធានបទនៃទិវាសេរីភាព សារព័ត៌មានលើកទី៣២ នេះ បរិវិត្តកម្មនៃបញ្ញាសិប្បនិម្មិតទៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បាននាំ មកនូវអត្ថប្រយោជន៍យ៉ាងច្រើន រួមមានការប្រើប្រាស់ច្រើនភាសា និងការវិភាគទិន្នន័យ សម្រាប់ការផលិត ផ្សព្វផ្សាយ និងចែកចាយបានរហ័សនិងចំគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿនទាំងនេះ ក៏បាននាំមកនូវហានិភ័យនៃព័ត៌មានក្លែងក្លាយ ដែលបង្កើតដោយបច្ចេកវិទ្យា។ ជាងនេះទៅទៀត បរិវិត្តកម្មនេះក៏នឹងជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមានដល់អាជីពសារព័ត៌មានផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






