ខេត្តកំពង់ចាម: ក្រោមកិច្ចសហការរវាងក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការដោះស្រាយក្នុងការបើកទ្រូងផ្លូវជាបួនកន្លងពីចំណុចរង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់ក្បាលស្ពានគីហ្ស៊ុណាក្រុងកំពង់ចាម។ ត្រូវបានលើកមកដោះស្រាយជាមួយនឹងរដ្ឋបាលខេត្តកំពង់ចាមដោយធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រឹកថ្ងៃទី២ឧសភាឆ្នាំ២០២៥ ដែលមានចំនួន៤៥កន្លែងគឺត្រូវបានដាក់មកដោះស្រាយដើម្បីបម្រើប្រយោជន៍សាធារណៈ ធ្វើយ៉ាងណាឱ្យដំណើរការប្រព្រឹត្តទៅដោយរលូនតែម្ដង។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍រំលឹកថា: ដោយសារតែកំណើនប្រជាពលរដ្ឋនិងយានយន្តពីមួយឆ្នាំទៅមួយឆ្នាំចេះតែមានការកើនឡើងគួរឲ្យកត់សម្គាល់នោះរដ្ឋបាលខេត្តសម្រេចបានលើកសំណើរសុំសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រីកផ្លូវចាប់ពីចំណុចរង្វង់មូលស្គន់ស្រុកជើងព្រៃមកដល់ចំណុចរង្វង់មូលក្បាលស្ពានគីហ្ស៊ុណា ក្រុងកំពង់ចាម។គឺផ្លូវជាតិលេខ៧ចាប់ពី២គន្លង ពង្រីកមក៤គន្លង ធំទូលាយដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅវិញទៅមកតាមយានយន្តគ្រប់ប្រភេទ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា តាមរយៈសំណើរសម្ដេចបានឯកភាពផ្ដល់ជូនក្នុងការពង្រីកផ្លូវនេះឲ្យធំទូលាយ ក្នុងនោះមានស្រុកជើងព្រៃព្រៃឈរនិងកំពង់សៀម ដោយឡែកក្រុងកំពង់ចាមនៅរក្សាគោលការណ៍ដដែល។ចំពោះសំណើបើកទ្រូងផ្លូវគឺមានរហូតដល់ចំនួន៤៥កន្លែង ដែលតម្រូវឲ្យមានការដោះស្រាយបើកទទ្រង់ផ្លូវជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រោយពីការស្ថាបនាផ្លូវនេះរួចរាល់នៅដើមឆ្នាំ២០២៧ឬ២០២៨ និងត្រូវអញ្ជើញសម្រេចបវរមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ចំណែកឯកឧត្តមលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការដែលដឹកជញ្ជូនវិញមានប្រសាសន៍ឲ្យដឹងដែរថា ចំពោះការស្ថាបនាពង្រីកផ្លូវជាតិលេខ៧នេះគឺដោយក្រុមហ៊ុនចិនដែលត្រូវធ្វើជាបួនកន្លង ហើយកាលណាបើកទ្រូងផ្លូវច្រើនពេកនោះគឺនាំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ដោយឆក់យកជីវិតប្រជាពលរដ្ឋ។ជាធម្មតានៅពេលដែលក្រុមហ៊ុនស្ថាបនារួចនោះនឹងបានស្នើសុំគោលការណ៍មករូបលោកដើម្បីចុះត្រួតពិនិត្យនិងវាយតម្លៃ។ឯកឧត្តមលើកឡើងថាព្រឹកនេះគឺជាថ្ងៃពិសេសដែលត្រូវតែមានការដោះស្រាយសម្របសម្រួលគ្នារវាងក្រសួងសាធារណការជាមួយនឹងរដ្ឋបាលខេត្តចំពោះកន្លែងដែលត្រូវបើកទ្រង់ផ្លូវជាអាទិភាពគឺមានសាលារៀនបន្ទីរពេទ្យផ្សារដែលសម្បូរទៅដោយមនុស្សម្នា ហើយការបើកនេះគឺមិនអាចឲ្យនៅកៀកគ្នាពេកនោះទេ។មកដល់ពេលនេះការស្ថាបនាផ្លូវសម្រេចបានប្រមាណជាង ៥០% ហើយ ចំពោះចំណុចដែលនៅសេសសល់មានការស្នើសុំពីសំណាក់រដ្ឋបាលខេត្តនិងត្រូវធ្វើការដោះស្រាយឲ្យបានចប់សព្វគ្រប់សំខាន់ឲ្យមានភាពរលូនធ្វើយ៉ាងណាមិនឱ្យមានភាពរាំងស្ទះណាមួយកើតឡើងនោះទេ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី



















