ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសេីរចំពោះការចូលរួម និងសមត្ថភាពរបស់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងមានសមត្ថភាពប្រឡងទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស លេីមុខវិជ្ជាសំខាន់ៗទាំងបី ដូចជា អក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា។ ជាមួយនេះ សូមចូលរួមអបអរសាទរ និងសប្បាយរីករាយផងដែរ ចំពោះឪពុកម្តាយ អាណាព្យាបាល ដែលកំពុងមានក្តីរំភេីប និងញញឹមសាទរសមិទ្ធផលដែលក្មួយៗសម្រេចបាន ជាមួយនឹងក្តីមោទនភាព និងកិត្តិយស។
សម្តេចមហាបវរធិបតី បានមានប្រសាសន៍បន្តទៀតថា ចំណេះដឹង គឺពិតមានសារសំខាន់ណាស់សម្រាប់យេីង និងសង្គមជាតិ ព្រោះជាមូលដ្ឋានគ្រឹះនៃការរីកចំរេីន ក៏ដូចជាបង្ហាញអំពីគុណភាព និងធនធានមនុស្សដ៏ល្អ និងប្រសិទ្ធភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ សូមក្មួយៗបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដេីម្បីនឹងសម្រេចលទ្ធផលកាន់តែល្អទៅថ្ងៃមុខ ដេីម្បីអាចនឹងទទួលបានអាជីពការងារល្អប្រសេីរស្របតាមក្តីស្រមៃផង ហេីយក៏អាចក្លាយជាចលករយ៉ាងសំខាន់សម្រាប់សង្គមជាតិយេីងក្នុងការអភិវឌ្ឍកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព។
សូមរំលឹកផងដែរថា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ សម័យប្រឡង៖ ២៦ មេសា ២០២៥” នៅ វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោកជំទាវ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង តំណាងសប្បុរសជន លោកគ្រូ អ្នកគ្រូ និងក្មួយៗជាបេក្ខជនសិស្សពូកែទាំងអស់។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី កោតសរសើរ និងសូមចូលរួមអបអរសាទរក្មួយៗជាបេក្ខជនទាំងអស់ និងជ័យលាភីទាំង ៣០រូប ជាសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី ៩ និងថ្នាក់ទី ១២ ដែលបានខិតខំរៀនសូត្រយកអស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ចូលរួមប្រកួតដណ្តើមជ័យលាភីសិស្សពូកែទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈកម្មការរៀបចំការប្រឡង និងមេប្រយោគគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងគោរពនូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលបានបំពេញការងារជាម្ចាស់ផ្ទះយ៉ាងល្អឥតខ្ចោះ និងបានសហការធ្វើឱ្យការប្រឡងដែលមានរយៈពេល ៥ថ្ងៃ នេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ ជាពិសេសសូមអរគុណដល់អ្នកអាណាព្យាបាល និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ទាំងថវិកា និងសម្ភារៈ ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស និងសូមបន្តចូលរួមជួយគាំទ្រនៅឆ្នាំក្រោយៗទៀត។
ជារៀងរាល់ឆ្នាំ ក្រសួងក៏បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីផ្តល់ជាឱកាសលើកទឹកចិត្តសម្រាប់សិស្សឆ្នើមដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងសក្តានុពល បានបញ្ចេញសមត្ថភាព និងជាឱកាសសម្រាប់ក្រសួងពិនិត្យមើលអំពីអាទិភាព និងអន្តរាគមន៍ចាំបាច់នានាដើម្បីថែទាំ បំពាក់បំប៉ន និងគាំទ្រដល់ក្មួយៗសិស្សពូកែ ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមទៀត។ អតីតជ័យលាភីសិស្សពូកែ ក៏បានលើកកម្ពស់មុខមាត់ និងមោទនភាពជាតិ តាមរយៈការចូលរួមប្រកួតប្រជែងសមត្ថភាព ការទទួលបានអាហារូបករណ៍ និងការដណ្តើមបានមេដាយជាបន្តបន្ទាប់ពីការប្រកួតប្រជែងកម្រិតតំបន់ និងអន្តរជាតិ ដែលប្រការនេះបានបង្ហាញឱ្យយើងឃើញពីសក្តានុពល និងឧត្តមភាពនៃធនធានមនុស្សកម្ពុជានៅលើឆាកអន្តរជាតិ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់អង្គភាពពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ សូមយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត ដើម្បីជំរុញ និងលើកទឹកចិត្តសិស្សពូកែ នូវចំណុចមួយចំនួន រួមមាន៖
១). សូមកំណត់អត្តសញ្ញាណសិស្ស ដែលមានឧបនិស្ស័យជាសិស្សពូកែ រាប់ចាប់តាំងពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ និងរៀបចំជាការគាំទ្រ និងអន្តរាគមន៍ជួយដល់ពួកគេ។
២). បន្តផ្តល់កិច្ចគាំទ្រចំពោះមុខដល់សិស្សពូកែ ដែលកំពុងជួបបញ្ហាទាំងក្នុងការរស់នៅ និងការរៀនសូត្រ។
៣). បន្តផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងអាចឈានចូលនិងបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ ដែលនឹងអាចក្លាយជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើមុខជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
៤). បន្តចងក្រងនូវបទពិសោធរបស់ក្មួយៗ ដែលជាសិស្សពូកែ អំពីវិធីសាស្ត្រក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗសិស្សានុសិស្សដទៃទៀត។
៥). បន្តបំពាក់បំប៉នបន្ថែមដល់ក្មួយៗជ័យលាភី និងសិស្សនិទ្ទេស A ឱ្យកាន់តែមានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាងមុន ក្នុងការប្រកួតប្រជែងកម្រិតតំបន់និងអន្តរជាតិ។
៦). សូមជ័យលាភីសិស្សពូកែ និងជាសិស្សពូកែទាំងអស់ បន្តខិតខំព្យាយាមរៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អប្រកបដោយចំណេះដឹង ជំនាញ គុណធម៌ និងសីលធម៌ ដែលស័ក្តិសមជាសសរទ្រូងនិងអ្នកបន្តវេនដ៏មានសក្តានុពលសម្រាប់ការពារនិងអភិវឌ្ឍប្រទេសជាតិ។
៧). សូមជ័យលាភីសិស្សពូកែថ្នាក់ទី៩ បន្តរក្សាឈ្មោះជា «សិស្សពូកែ» នេះឱ្យបាន ហើយសង្ឃឹមថានឹងឃើញវត្តមានរបស់ក្មួយៗ ជាបេក្ខជនចូលរួមប្រឡងជ័យលាភីសិស្សថ្នាក់ទី១២ នៅឆ្នាំ២០២៨ ខាងមុខទៀត។ ដូចគ្នាផងដែរ ជ័យលាភីសិស្សពូកែថ្នាក់ទី១២ សង្ឃឹមថានឹងទទួលបាន «និទ្ទេស A» នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










