ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ ជំរុញឱ្យការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ ទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់កម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងពេទ្យតាមតំបន់ ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺមហារីកបាន ក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម -សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធជំងឺមហារីកជាអាទិភាព ចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥ -២០៣០ នាថ្ងៃនេះ ជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ រាជរដ្ឋាភិបាលកម្ពុជា ត្រូវចាំបាច់ធ្វើទំនើបកម្មនៅពេទ្យហ្លួងម៉ែ ច្រើនដោយសារដំបូងឡើងពេទ្យបង្កើតឡើងសម្រាប់តែព្យាបាលស្ត្រី ប៉ុន្តែ នៅពេលយើងអធ្វើសម្រាប់ជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើន យើងមិនថយនោះទេ យើងកំពុងរៀបចំ ខណៈខ្ញុំបានចុះហត្ថលេខាលើថវិកាជាច្រើនលានដុល្លារ ដើម្បីពង្រឹងប្រសិទ្ធភាព។
ជាមួយគ្នានេះនឹងការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ សម្រាប់សេវាព្យាបាលជំងឺមហារីក, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា បានបច្ចុប្បន្ននេះ គឺកង្វះគ្រូពេទ្យជំនាញផ្នែកព្យាបាលជំងឺមហារីក ខណៈរដ្ឋាភិបាលអាចមានលទ្ធភាពសាងសង់អគារ និងបំពាក់សម្ភារៈ បរិក្ខាពេទ្យទំនើបៗបានយ៉ាងលឿន ក៏ប៉ុន្តែ ការបណ្តុះបណ្តាលក្រុមគ្រូពេទ្យជំនាញ គឺត្រូវការពេលវេលាយូរ។ ដូច្នេះ រាជរដ្ឋាភិបាលបានគិតគូរទាំងអស់ ពោលទាំងមន្ទីរពេទ្យ សម្ភារៈទំនើបៗ និងការបណ្តុះបណ្តាលក្រុមគ្រូពេទ្យជំនាញ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគតកម្ពុជា នឹងអាចធ្វើវិមជ្ឈការ ឬមន្ទីរពេទ្យហ្លួងម៉ែ បន្ទាប់ពីធ្វើទំនើបកម្មការព្យាបាលជំងឺមហារីករួចរាល់ នឹងអាចចែករំលែកបទពិសោធន៍ ចំណេះដឹងទាំងនេះដល់មន្ទីរពេទ្យផ្សេងៗ និងមន្ទីរពេទ្យតំបន់ ដើម្បីព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត ក្រុងមួយចំនួនឆ្ងាយពីរាជធានីភ្នំពេញ ដោយមិនចាំបាច់ធ្វើដំណើរមកព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យហ្លូងម៉ែ នារាជធានីភ្នំពេញ ជាដើម។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានជំងឺដង្កាត់ផ្សេងៗ និងកាត់បន្ថយការចំណាយលើការធ្វើដំណើរនោះ រាជរដ្ឋាភិបាល បានសាងសង់មន្ទីរពេទ្យតំបន់ចំនួន គឺទី១៖ នៅខេត្តសៀមរាប និងខេត្តកំពង់ចាម ក៏ប៉ុន្តែ មិនទាន់មានទិសដៅក្នុងព្យាបាលជំងឺមហារីកដល់មូលដ្ឋាននៅឡើយនោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ននេះ រឿងដែលសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់លើបញ្ហាជំងឺមហារីកនោះ មិនមែនការព្យាបាលនោះទេ តែជាការបង្ការ ទប់សស្កាត់ កុំឱ្យជំងឺមហារីកនេះកើតមានច្រើនឡើងចំពោះប្រជាជនកម្ពុជា ខណៈជារៀងរាល់ឆ្នាំមានប្រជាជនកម្ពុជា កើតជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី ដូច្នេះ ពោលគឺទៅថ្ងៃអនាគតនឹងធ្វើឡើងយ៉ាឱ្យជំងឺមហារីកនេះធ្លាក់ចុះកាន់តែតិចឡើងៗ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យមានការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ជាពិសេសការប្រើថ្នាំគីមី ដើម្បីបង្ការជំងឺមហារីក។ ជាមួយគ្នានេះដែរ ការផ្សព្វផ្សាយជាវិធីសាស្ត្រមួយជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺមហារីក។ ក្នុងន័យនេះសម្តេចបវរធិបតី ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីក។
បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ខណៈជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ករណី។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ១៤ ,០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតីបានធ្វើការកត់សម្គាល់ និងផ្តល់អនុសាសន៍មួយចំនួន រួមមាន៖
ទី១. ដើម្បីធានាភាពជោគជ័យ ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រងសម្របសម្រួល និង អនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល និង រួមចំណែក ម្ខាងដល់ការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និង ម្ខាងទៀត ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។
ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ខណៈដែលផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់គោលដៅច្បាស់លាស់ចំនួន ៣៖ (ទី១) ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប (ទី២). សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០% និង (ទី៣) កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥% នៃចំណាយសរុបលើការថែទាំសុខភាព។
ទី២. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបានជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។
ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និង ជំនាញវិជ្ជាជីវៈអមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាល ជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក។
ទី៥. ជាមួយនឹងវឌ្ឍភាពជាច្រើនក្នុងវិស័យសុខាភិបាល, សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ, ការព្យាបាល និង ការគ្របដណ្ដប់សេវាជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិត។ ក្នុងន័យនេះ ដើម្បីអភិវឌ្ឍសេវាបង្ការ និងព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយថែមទៀត, ខ្ញុំសូមអំពាវនាដល់ ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីកឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់យើង។
ទី៦. ខ្ញុំសូមក្រើនរំលឹកសាជាថ្មីដល់ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃ បន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ។
ទី៧. ខ្ញុំសូមលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋ, សូមយកចិត្តទុកដាក់បង្ការ និង ទប់ស្កាត់ជំងឺមហារីកនេះតាមរយៈ ការស្វែងយល់កត្តាហានិភ័យ និង ធ្វើការផ្លាស់ប្តូរឥរិយាបថដែល ប្រឈមនឹងការកើតជំងឺមហារីក។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលការពិនិត្យ និង ព្យាបាលបានទាន់ពេល៕ រក្សាសិទ្ធដោយ៖សុទ្ធលី








