Monday, May 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ រដ្ឋមន្ត្រី ចម និម្មល ៖ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥នេះ នឹងការជំរុញ ភាពច្នៃប្រឌិតនិងការបង្កើតស្នាដៃថ្មីៗ ការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងវិស័យធុរកិច្ចពាណិជ្ជកម្ម ព្រមទាំងលើកកម្ពស់ការវិនិយោគនិងផ្ទេរបច្ចេកវិទ្យា

សៀមរាប៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៥ នេះ នឹងបន្តបណ្តុះស្មារតីក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញាគ្រប់ផ្នែកទាំងអស់ ការជំរុញ ភាពច្នៃប្រឌិតនិងការបង្កើតស្នាដៃថ្មីៗ ការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងវិស័យធុរកិច្ចពាណិជ្ជកម្ម ព្រមទាំងលើកកម្ពស់ការវិនិយោគនិងផ្ទេរបច្ចេកវិទ្យា នាពេលខាងមុខ។

នាព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី: ការយល់អំពីចង្វាក់នៃកម្មសិទ្ធិបញ្ញា (IP and music: Feel the beat of IP) និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃសិល្បៈ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Derek YIP ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក Ken-Ichiro Natusme អគ្គនាយករងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោក Xaysomphet Norasingh ប្រធានក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ឯកឧត្តមអនុប្រធាន និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ព្រមទាំងសិស្សនិស្សិត និងភ្ញៀវកិត្តិយសជាតិ- អន្តរជាតិជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ នេះ ដែលតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងសាធារណៈលើវិស័យកម្មសិទ្ធិបញ្ញាជាសកល ជាពិសេសចូលរួមផ្តល់តម្លៃនិងសារៈសំខាន់ដល់ស្នាដៃ និងរបកគំហើញនានា ដែលរកឃើញនិងបង្កើតឡើងដោយតក្កករ អ្នកនិពន្ធ សិល្បៈករ អ្នកច្នៃប្រឌិត អ្នកស្រាវជ្រាវ។ល។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្តនិងការបន្តខិតខំប្រឹងប្រែងផ្តល់កិច្ចការពារ និងលើកកម្ពស់នូវតម្លៃនៃស្នាដៃទាំងអស់ដែលកើតចេញពីភាពប៉ិនប្រសប់ ការច្នៃប្រឌិត និងគំនិតប្រាជ្ញារបស់សិល្បករ សិល្បការិនី អ្នកនិពន្ធ ម្ចាស់ស្នាដៃ ម្ចាស់ផលិតកម្ម និងម្ចាស់អង្គភាពនានា ពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលជាសមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាផងដែរ។ បន្ថែមពីនេះ កម្មសិទ្ធិបញ្ញាបានដើរតួយ៉ាងសំខាន់ក្នុងការការពារ ថែរក្សា អភិវឌ្ឍ លើកស្ទួយ និងផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ ប្រពៃណី សិល្បៈគ្រប់ទម្រង់ ជាពិសេសស្នាដៃសិល្បៈដែលជាកេរដំណែលរបស់ដូនតា-បុព្វបុរសខ្មែរ និងស្នាដៃថ្មីៗក្នុងសម័យទំនើប ព្រមទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ដែលពិតជាចាំបាច់ក្នុងការជំរុញការលើកទឹកចិត្ត និងការពារ។

លោកជំទាវរដ្ឋមន្ត្រី បញ្ជាក់ថា នាបច្ចុប្បន្នកម្ពុជាបាននិងកំពុងពង្រឹងនិងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាឱ្យកាន់តែល្អប្រសើរតាមរយៈយន្តការគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការសកម្មភាពនានា ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ដែលបន្តចាត់ទុកកិច្ចការពារកម្មសិទ្ធិបញ្ញាជាយន្តការយ៉ាងសំខាន់ ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិតថ្មី និងនវានុវត្តន៍ ការបន្តពង្រឹងភាពប្រកួតប្រជែង ការចែករំលែកបច្ចេកវិទ្យា ព្រមទាំងការទប់ស្កាត់ ការក្លែងបន្លំ ឬការរំលោភបំពានកម្មសិទ្ធិបញ្ញា ស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជាជាភាគីសមាជិក។ បន្ថែមពីនេះ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី មានជាអាទិ៍ អង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងក្របខ័ណ្ឌអាស៊ាន ដើម្បីចូលរួមចំណែកអភិវឌ្ឍ ជំរុញ និងអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ នេះ កម្ពុជានឹងធ្វើជាប្រធាននិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា (AWGIPC) សម្រាប់អណត្តិ២ឆ្នាំ និងការរៀបចំកិច្ចប្រជុំតំបន់សម្រាប់លើកទី៨ នៃក្រុមការងារសម្របសម្រួលការចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាផ្សេងទៀតផងដែរ។

ដើម្បីជាវិភាគទានក្នុងការប្រារព្វ ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី លោកជំទាវរដ្ឋមន្ត្រី បានចូលរួមចែករំលែកនូវទស្សនៈគន្លឹះមួយចំនួន រួមមាន៖

  • ទាមទារការចូលរួមគាំទ្រពីអាជ្ញាធរមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងការអនុវត្តយន្តការសមស្រប ទាំងវិធានការនិយតកម្ម (Regulatory Measures) និងវិធានការផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា។
  • បន្តពង្រឹងកិច្ចការអង្គភាពគ្រប់គ្រងសិទ្ធិរួម និងការលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ជាពិសេស សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ដល់អ្នកនិពន្ធស្នាដៃអក្សរសាស្ត្រ តូរ្យតន្ត្រី ផលិតករភាពយន្ត និងតួអង្គពាក់ព័ន្ធនឹងសិល្បៈ។
  • បន្តពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញាឱ្យកានតែមានប្រសិទ្ធភាព ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងបន្លំកម្មសិទ្ធិបញ្ញា និងទប់ស្កាត់សកម្មភាព បំពានកម្មសិទ្ធិបញ្ញានៅតាមប្រព័ន្ធអ៊ីនធឺណេត ដែលជាឧបសគ្គរារាំងដល់ការលើកទឹកចិត្តឱ្យមានការបង្កើតថ្មី។
  • គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ត្រូវបន្តខិតខំសម្របសម្រួលជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨។

លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៥ នេះ នឹងបន្តបណ្តុះស្មារតីក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញាគ្រប់ផ្នែកទាំងអស់ ការជំរុញ ភាពច្នៃប្រឌិតនិងការបង្កើតស្នាដៃថ្មីៗ ការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងវិស័យធុរកិច្ចពាណិជ្ជកម្ម ព្រមទាំងលើកកម្ពស់ការវិនិយោគនិងផ្ទេរបច្ចេកវិទ្យា នាពេលខាងមុខ។

សូមជម្រាបជូនថា នៅកិច្ចបញ្ចប់នៃអង្គពិធី លោកជំទាវរដ្ឋមន្រ្តី ក៏បានអញ្ជើញជាអធិបតីក្នុងការចុចប៊ូតុងសម្ភោធកម្មវិធីសំខាន់ៗ ពាក់ព័ន្ធនិងវិស័យកម្មសិទ្ធិបញ្ញាផងដែរដូចជា៖
១-ពិធីសម្ពោធនិងពិធីប្រគល់ជូនវិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាពប្រហុកសៀមរាបផលិតផលសម្គាល់ភូមិសាស្ត្ររបស់កម្ពុជា
២-ពិធីសម្ពោធម៉ាកសមូហភាព៖ (១)-ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល (២)-ថ្នាំជក់កម្ពុជា និង (៣)-ត្រចៀកកាំកម្ពុជា។
៣-ពិធីសម្ពោធគម្រោង៖ ផែនការយុទ្ធសាស្ត្របង្ហាញផ្លូវលើធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញាត្តវប្បធម៌
៤-ពិធីសម្ពោធថ្នាលកម្មសិទ្ធិបញ្ញាឌីជីថលដំណាក់កាលទី២
៥-វិញ្ញាបនបត្រចុះបញ្ជីម៉ាកតាមទម្រង់ឌីជីថល ដោយប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh
៦-វិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាពនៅលើកម្មវិធីបណ្តាញឌីជីថលកម្មសិទ្ធិបញ្ញា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×