ភ្នំពេញ ៖ នគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បញ្ជូនជនសង្ស័យ០២នាក់ក្លែងបន្លំឯកសារសាធារណៈ ខុសច្បាប់ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅតុលាការ។
ជនសង្ស័យឃាត់ខ្លួន ២នាក់ ៖
១-ឈ្មោះ ស៊ន ហុងឆេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់ នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្មៅ។
២-ឈ្មោះ វ៉ាន់ ចាន់ទ្រា ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ត្រូវបានឃាត់ខ្លួន ករណីក្លែងឯកសារសាធារណៈ (ត្រា បានចុះស្ថិតិ) នៅចំណុចនាយកដ្ឋានអត្តសញ្ញាណកម្ម នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២៥វេ លាម៉ោង១០ និង៣០នាទី។
មុនពេលកើតហេតុជនសង្ស័យឈ្មោះ វ៉ាន់ ចាន់ទ្រា បើក ម៉ូតូកង់បីដឹកឈ្មោះ សុខ ចាន់សុខគា ពីផ្សារអ៊ីអន២ មកធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណកម្ម (ចំណុចកើតហេតុ) ខាងលើ ពេលនោះមន្រ្តីជំនាញពិនិត្យលើសៀវភៅស្នាក់នៅឃើញពុំមានបោះត្រា “បានចុះស្ថិតិ” ក៏ប្រាប់ឈ្មោះ សុខ ចាន់សុខគា ថា ធ្វើពុំបានទេ ឯកសារខ្វះត្រា ។ស្រាប់តែបន្ទាប់មកឈ្មោះ សុខ ចាន់សុខគា បានដើរចេញមកវិញ ក៏បានជួបជនសង្ស័យឈ្មោះ ស៊ន ហុងឆេង និងឈ្មោះ វ៉ាន់ ចាន់ទ្រា ប្រាប់ថា ធ្វើអត់បានទេ ប៉ុន្តែឈ្មោះស៊ន ហុងឆេង ក៍បានប្រាប់ថាធ្វើឲ្យបាន យក១០ម៉ឺនរៀល រួចក៏យកសៀវភៅស្នាក់នៅ ទៅជួបបក្ខពួកម្នាក់ទៀតឈ្មោះ ខ្មៅ ជាអ្នកបោះត្រា “បានចុះស្ថិតិ” លើសៀវភៅស្នាក់នៅ យកតែតម្លៃ២ម៉ឺនរៀល។ ឈ្មោះ សុខ ចាន់សុខគា ក៏បានកាន់សៀវភៅស្នាក់នៅនោះទៅជួបមន្រ្តីជំនាញដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ ខណ:នោះមន្រ្តីជំនាញសួរថា ធ្វើនៅទីណាឯកសារនេះលឿនម្លេះ?ឈ្មោះ សុខ ចាន់សុខគា ក៏និយាយប្រាប់រឿងហេតុខាងលើ រួចនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏រាយការណ៍មកសមត្ថកិច្ចខណ្ឌច្បារអំពៅ ចុះទៅឃាត់ខ្លួនឈ្មោះ វ៉ាន់ ចាន់ទ្រា មកសាកសួរ។
លុះដល់ម៉ោង១៦និង១០នាទី ថ្ងៃដដែល សមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយមន្រ្តីការិយាល័យសន្តិសុខផ្ទៃក្នុង និងខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនឈ្មោះ ស៊ន ហុងឆេង ដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ៦សន្លឹក,បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សាកសួរ។ជនសង្ស័យទាំង០២នាក់នៅព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៥ មន្រ្តីជំនាញបានកសាងសំណុំទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ដោយឡែកចំពោះបុរស០១នាក់ទៀតឈ្មោះខ្មៅដែលធ្វើត្រាក្លែងក្លាយបោះលើឯកសារសៀវភៅស្នាក់នៅ សមត្ងកិច្ចកំពុងស្រាវជ្រាវដើម្បីយកចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី





