ភ្នំពេញ ៖ ដោយមានកិច្ចសហការជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា»។
លោក Pellet Jacques ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះ ដែលមានលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួល ដោយមានអ្នកសារព័ត៌មានចូលរួម២៧នាក់ មកពី១៨អង្គភាព។
បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានជួបពិភាក្សាជាមួយអ្នកសារព័ត៌មានប្រមាណ ៣០នាក់នៃក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសនៃកិច្ចពិភាក្សាតុមូលមួយរៀបចំឡើងនៅស្ថានទូតបារាំង។
លោកទូតបានលើកឡើងអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ភាពជាដៃគូដែលបែរឆ្ពោះទៅរកអនាគត តាមរយៈអាទិ ភាពដែលផ្តោតលើការបណ្តុះបណ្តាល និងបម្លាស់ប្តូរនៅក្នុងវិស័យជាច្រើន។
បន្ទាប់មក អ្នកសារព័ត៌មានបានទស្សនាឧទ្យានស្ថានទូត ជាពិសេសកន្លែងរក្សាអតីតក្លោងទ្វារស្ថានទូត មួយថ្ងៃមុនការសម្ពោធពិព័រណ៍រំលឹកខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅភ្នំពេញ រៀបចំឡើងដោយស្ថានទូតបារំាង និងវិទ្យាស្ថានបារាំងនៅកម្ពុជា(IFC)។
វេទិកាពិភាក្សាខាងលើនេះរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀត អំពីតួនាទីរបស់ប្រទេសបារាំងសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី











