Tuesday, May 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយាដែលកំពុងលែងលះ ស្នើសុំ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង និងលោកចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងព្រហ្មទណ្ឌ លេខ ១២៩២ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឺង ទៅលើជនសង្ស័យ ប៉ែន រ៉ាលីន ខ្លាចក្រែងជននេះ គិតរបៀបកំរោលបួនជ្រុង !

ភ្នំពេញ ៖ ភរិយាដែលកំពុងស្ថិតក្នុងការលែងលះជាមួយលោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន មុខងារជាមន្ត្រីជំនួយការ នៅនាយកដ្ឋានផែនការ នៃអគ្គនាយកដ្ឋានសម្ភារៈ ក្រសួងការពារជាតិ ដែលរងនូវការគំរាមកំហែងបាញ់សម្លាប់ជាមួយនឹងកូនស្រីតូចពីសំណាក់ លោក ប៉ែន រ៉ាលីន ផ្ទាល់នោះ បានសំណូមពរយ៉ាងទទូចដល់ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងលោកចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងព្រហ្មទណ្ឌ លេខ ១២៩២ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សូមជួយពិនិត្យ ពិច័យ ពិចារណា ឱ្យបានល្អិតល្អន់ ធ្វើយ៉ាងណាអនុវត្តនីតិវិធីទៅលើ លោក ប៉ែន រ៉ាលីន ជនជាប់បណ្ដឹងពីបទ ” គំរាមបាញ់សម្លាប់ , អំពើហិង្សាផ្សេងៗ , កំហែងយកផ្នែកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ” ឱ្យបានតឹងរ៉ឹង ដូចជា សូមដាក់ការចោទប្រកាន់ដោយផ្អែកលើវត្ថុតាង ដែលបានប្រគល់ជូនតុលាការនាពេលកន្លងមក រួចហើយសូមធ្វើការឃុំខ្លួនជនជាប់ចោទ ប៉ែន រ៉ាលីន ជាបណ្ដោះអាសន្ន ដើម្បីសន្តិសុខសុវត្ថិភាពនៃដើមបណ្ដឹងដែលត្រូវជាប្រពន្ធ និងជាម្ដាយកូនស្រីតូច ដែលជននេះធ្លាប់បានគំរាមយ៉ាងខ្លាំង មុនពេលឈានទៅដល់ការលែងលះ និងធ្វើយ៉ាងណាអនុវត្តច្បាប់ឱ្យមានយុត្តិធម៌សម្រាប់ស្ត្រីជាភរិយា និងកូនស្រីតូចផង។

បានជាស្ត្រីភរិយា និជាម្ដយក្មេងស្រីតូច ប្ដឹងលោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន មន្ត្រីយោធានៃក្រសួងការពារជាតិម្នាក់នេះ ពីបទ ” គំរាមបាញ់សម្លាប់ , អំពើហិង្សាផ្សេងៗ , កំហែងយកផ្នែកទ្រព្យសម្បត្តិ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ” នោះ គឺដោយសារជននេះ ធ្លាប់បានស្ដែងចេញអំពើលោភលន់របស់ខ្លួន គំរាមកំហែង ទាមទារទ្រព្យសម្បត្តិពីភរិយា ដូចជា បង្ខំឱ្យភរិយាបើកមុខរបរ ហាងលក់គ្រឿងអលង្ការមាស-ពេជ្រ មួយកន្លែង , ទិញរថយន្តម៉ាក រែងរ៉ូវើរ ស៊េរីទំនើបឱ្យខ្លួន , ប្រើហិង្សាពាក្យសម្ដី សម្លុត គំរាម និងធ្វើទុក្ខបុកម្នេញ ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងផ្លូវសេដ្ឋកិច្ច , ហើយដោយសារ លោក ប៉ែន រ៉ាលីន កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតស្រាប់ទៀតនោះ គឺថែមទាំងគំរាមបាញ់សម្លាប់ម្ដាយ និងកូនទៀតផង ដោយលោកអះអាងថា បាញ់ហើយ លោកគេចខ្លួនទៅរស់នៅសហរដ្ឋអាមេរិក គឺចប់ ! ពីព្រោះលោកមានសញ្ជាតិអាមេរិកស្រាប់ ចេញ-ចូលស្រួល។

ករណី លោក ប៉ែន រ៉ាលីន នេះ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនរយៈពេល ៤៨ម៉ោង ផ្អែកលើឯកសារភស្តុតាង និងរូបភាពវីដេអូកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលត្រូវបានភរិយាប្ដឹងពីបទ គំរាមកំហែង គំរាមបាញ់សម្លាប់ភរិយា និងកូនស្រីតូច , រួចហើយបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពិថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥, ដែលកាយវិការនេះរបស់កម្លាំងនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញឱ្យសាធារណជនឃើញថា ជាការយកចិត្តទុកដាក់ចំពោះសន្តិសុខសុវត្ថិភាពដល់ស្ត្រីជាភរិយា និងកូនស្រីតូច ដែលរស់រងតែនឹងការភ័យខ្លាចពីសំណាក់លោកប្ដី និងឪពុក កំរោលបួនជ្រុង ប៉ែន រ៉ាលីន នេះ, ដូច្នេះហើយ ស្ត្រីជាភរិយា ស្នើសុំ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងលោកចៅក្រមស៊ើបស្រួល ដែលកាន់សំណុំរឿងនេះ សូមពិនិត្យ ពិច័យ ឯកសារភស្តុតាង និងរូបភាពវីដេអូ រួចហើយធ្វើនីតិវិធីឱ្យបានតឹងរ៉ឹង ដាក់ឱ្យ លោក ប៉ែន រ៉ាលីន ស្ថិតក្នុងការឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីបង្ការខ្លាចក្រែងជននេះនៅក្រៅឃុំ គិតខ្លីប្រើកំហឹងកំរោលបួនជ្រុងរបស់ខ្លួន ស្វែងរកបាញ់សម្លាប់ភរិយា និងកូនស្រីតូច ដូចអ្វីដែលខ្លួនធ្លាប់បានគំរាមបាញ់សម្លាប់នាពេលកន្លងមក, ឬថា អនុវត្តក្នុងការចោទប្រកាន់ឱ្យបានតឹងរ៉ឺង។ 

តាមការស្រាវជ្រាវនៃប្ដី-ប្រពន្ធខាងលើនេះ បង្ហាញថា លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន (ស័ក្ដិ៤កន្លះ) បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាស្របច្បាប់របស់លោក កាលអំឡុងឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៥នេះ ចំណងអាពាហ៍ពិពាហ៍បាន ៣ឆ្នាំហើយ និងមានកូនស្រីតូចម្នាក់ ស្រស់ស្អាត ចេះប្រលែងលេងជាមួយតា-យាយ, ឪពុក-ម្ដាយ ទៅតាមបែបធម្មជាតិរបស់ក្មេងតូច ប៉ុន្តែគួរឱ្យស្ដាយ ស្គាល់មុខមាត់ឪពុករបស់នាង មិនទាំងបានចំណាំស្រួលបួលផង ស្រាប់តែប្ដី-ប្រពន្ធដែលមានចំណងអាពាហ៍ពិពាហ៍រយៈពេល ៣ឆ្នាំនេះ ក៏កើតរឿងមិនចុះសំរុងគ្នា គឺលោក ប៉ែន រ៉ាលីន បាន ” គំរាមបាញ់សម្លាប់ភរិយា និងកូនស្រីតូច , គំរាមកំហែង ទាមទារទ្រព្យសម្បត្តិពីភរិយា ដូចជា បង្ខំឱ្យភរិយាបើកមុខរបរ ហាងលក់គ្រឿងអលង្ការមាស-ពេជ្រ មួយកន្លែង , ទិញរថយន្តម៉ាក រែងរ៉ូវើរ ស៊េរីទំនើបឱ្យខ្លួន , ធ្វើទុក្ខបុកម្នេញ , ប្រើហិង្សាផ្លូវចិត្ត ផ្លូវអារម្មណ៍ និងបំបិទផ្លូវសេដ្ឋកិច្ចដល់ភរិយា និងកូនស្រីតូច ទើបឈានទៅដល់ការលែងលះគ្នាតាមផ្លូវច្បាប់។

ស្ត្រីជាភរិយា សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថា ដោយការគំរាមកំហែង ការដាក់សម្ពាធខាងលើនេះហើយ ទើបខ្លួនភរិយា និងកូនស្រីតូច ដែលកំពុងរស់រងតែនឹងការភ័យខ្លាច ពីសំណាក់ លោក ប៉ែន រ៉ាលីន នេះ  ស្នើសុំយ៉ាងទទូចដល់ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងលោកចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងនេះ មេត្តាអនុវត្តវិធានច្បាប់ និងនីតិវិធីច្បាប់ ទៅលើជនសង្ស័យ ប៉ែន រ៉ាលីន ដាក់ឱ្យស្ថិតក្នុងការឃុំខ្លួនដើម្បីសន្តិសុខសុវត្ថិភាព រូបខ្លួនភរិយា និងកូនស្រីតូច, ផ្ទុយពីនេះ  កាលបើតុលាការ ដោះលែងជននេះឱ្យនៅក្រៅឃុំ ខ្លាចក្រែងជននេះ បង្កព្យ:សនកម្ម ទៅដល់ជនរងគ្រោះ ជាភរិយា និងកូនស្រីតូច, ព្រោះស្ត្រីជាភរិយាបារម្ភថា កាលបើជនសង្ស័យ ប៉ែន រ៉ាលីន នេះ នៅក្រៅឃុំវិញ ឬក៏អនុវត្តការដាក់បន្ទុកស្រាល តាមចរិតដែលគេធ្លាប់បានគំរាមភរិយាកន្លងមក ខ្លាចក្រែងតែ ប៉ែន រ៉ាលីន គិតរបៀបកំរោលបួនជ្រុង អាចលបលួចបង្កអំពើហិង្សាអ្វីមួយដល់ភរិយា និងកូនស្រីតូច ដូច្នេះហើយទើបស្នើសុំ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងលោកចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងនេះ មេត្តាអនុវត្តច្បាប់ទៅលើ លោក ប៉ែន រ៉ាលីន ឱ្យបានតឹងរ៉ឹង។

ទាក់ទងនឹងករណីខាងលើនេះដែរ CEN បានស្នើសុំការបំភ្លឺពី លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន តាមរយៈទូរស័ព្ទ , លោកបាននិយាយថា ” អត់ទេ… ”  , ហើយលោកបង្វែរសំណួររបស់ CEN ឱ្យទៅសួរមេធាវីរបស់លោក , CEN ក៏បានដាក់សំណួរខ្លីៗទៅកាន់ លោកមេធាវីរបស់ លោក ប៉ែន រ៉ាលីន ផងដែរ តាមរយៈ តេឡេក្រាម ប៉ុន្តែមិនមានការឆ្លើយតបយ៉ាងណានោះទេ ?៕ រក្សាសិទ្ធដោយ៖CEN 

×