Tuesday, May 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ នៅក្នុងឆ្នាំ២០២៤ ផលិតផលសរុបរបស់អាស៊ានមានរហូតទៅដល់៣.៨ទ្រីលានដុល្លារ

ឥណ្ឌូនេស៊ី៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងឲ្យដឹងថា សេដ្ឋកិច្ចអាស៊ាន នឹងឡើងដល់លេខ៤ នៅឆ្នាំ២០៣០ ខណៈនៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ២៤ប៊ីលានដុល្លារប៉ុណ្ណោះ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៤ ផលិតផលសរុបរបស់អាស៊ានចំនួន១០ប្រទេស មានរហូតទៅដល់៣.៨ទ្រីលានដុល្លារ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ថ្លែងបាឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋាន អាស៊ាន ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំចង់គូសបញ្ជាក់ពីការយល់ខុសមួយចំនួនថា កម្ពុជា ឬប្រទេសចូលថ្មី ដែលមានសេដ្ឋកិច្ចតូច និងអូសជើងអាស៊ានឲ្យដើរយឺត តាមពិតប្រទេសចូលថ្មីមិនបានអូសដំណើរពឹងពាក់ ឬដណ្ដើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ។ ខ្ញុំសូមបង្ហាញតួលេខជាក់ស្ដែង នៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ២៤ប៊ីលានដុល្លារប៉ុណ្ណោះ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៤ ផលិតផលសរុបរបស់អាស៊ានចំនួន១០ប្រទេស មានរហូតទៅដល់៣.៨ទ្រីលានដុល្លារ ដែលមានសេដ្ឋកិច្ចធំបំផុតទី៥លើពិភពលោក ហើយអាចនឹងហក់ឡើងទៅលេខ៤ក្នុងឆ្នាំ២០៣០»។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ចំពោះទំហំពាណិជ្ជកម្ម ទំនិញបានកើនដល់៣.៥ទ្រីលានដុល្លារ ជិតស្មើនឹងទំហំផលិតផលសរុប ក្នុងនោះ២១.៥ភាគរយជាពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ទំហំវិនិយោគសរុបមានទៅដល់២២៩,៨ប៊ីលានដុល្លារ ក្នុងនោះ៩.៥ភាគរយ គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន។

សម្ដេចតេជោបានថ្លែងបន្ថែមថា តួលេខនេះបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានពុំបានដើរថយក្រោយ ដោយសារមានសមាជិកថ្មីនោះទេ ផ្ទុយទៅវិញទាំងពាណិជ្ជកម្ម និងវិនិយោគគឺមានការកើនឡើងជាលំដាប់ ហើយអាស៊ានក៏បង្កើនពាណិជ្ជកម្ម និងវិនិយោគផ្ទៃក្នុងកាន់តែច្រើនឡើង។

សម្ដេចតេជោបានថ្លែងបន្ដថា ប្រទេសនីមួយៗសុទ្ធតែមានភាពម្ចាស់ការលើសេដ្ឋកិច្ចរៀងៗខ្លួន មានន័យថា នំសេដ្ឋកិច្ចអាស៊ានមិនបានបាត់បង់ ដោយសារការដណ្ដើមពីសមាជិកថ្មីណាមួយនោះទេ គឺទំហំនៃនំសេដ្ឋកិច្ចអាស៊ាន គឺកាន់តែធំឡើងហើយគ្រប់សមាជិកទាំងអស់សុទ្ធតែអាចទាក់ទាញ ពីកំណើនទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អាស៊ានមិនមែនត្រឹមតែជាតួអង្គសំខាន់សម្រាប់តំបន់នោះឡើយ ពេលនេះអាស៊ានបានក្លាយជាតួអង្គសម្របសម្រួលសកល ហើយទៅថ្ងៃអនាគត អាស៊ាននឹងអាចផ្លាស់ប្តូរតួនាទីការធ្វើប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោកថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រទាញប្រទង់អំណាច បានរុញច្រានឱ្យមហាអំណាចមួយចំនួនដើរប្រាស់ចាកពីវិធាននៃអភិបាលកិច្ចសកលដែលខ្លួនបានខិតខំបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដែលបាននិងកំពុងធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិ មានការរង្គោះរង្គើ ជាពិសេសយន្តការពហុភាគីនិយម ដែលផ្អែកលើច្បាប់។

ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ក្នុងកាលៈទេសៈបែបនេះ អាស៊ានពិតជាមានតួនាទីសំខាន់របស់ខ្លួន នៅក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើវិធានការច្បាប់ផង និងកាន់តែមានភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង, ទៅថ្ងៃអនាគតអាស៊ាន នឹងអាចផ្លាស់ប្តូរតួនាទីការធ្វើប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំពិភពលោកទៅវិញ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពេលនេះ ម៉ោងនេះយន្តការសកលកំពុងថមថយឥទ្ធិពល ទាំងមហាសន្និបាតអង្គការសហប្រជាជាតិ ទាំងតួនាទីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសតួនាទីនៃអង្គការពាណិជ្ជកម្មពិភពលោក គឺស្ទើតែបាត់បង់ទៅហើយ ដូចនេះយន្តការតំបន់របស់យើងគឺអាស៊ាន លែងជាតួអង្គនៅក្នុងក្របខណ្ឌដោយឡែកតែតំបន់ ប៉ុន្តែត្រូវចូលរួមក្នុងការរៀបសណ្តាប់ធ្នាប់ឡើងវិញ នៅក្នុងទិសដៅនេះ អាស៊ានអាចមានអភិក្រមពីរយ៉ាង (១) គឺយើងអាចពង្រឹងសមត្ថភាពដោយខ្លួនឯង និង(២) គឺការពង្រឹងអន្តរកម្មរបស់អាស៊ាន ជាមួយស្ថាប័នពហុភាគីដែលមានឥទ្ធិពល។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យើងពង្រឹងខ្លួនឯងតាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងការជំរុញសមាហរណ៍កម្មកាន់តែស៊ីជម្រៅ, ការរៀបចំចក្ខុវិស័យសមាគមអាស៊ាន ឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តនូវកិច្ចប្រជុំកំពូលនាខែឧសភានាពេលឆាប់ៗនេះ ដែលជាជំហ៊ានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ ដែលចក្ខុវិស័យសមាគមអាស៊ាន ដែលមានផែនការយុទ្ធសាស្ត្រលើសសរស្តម្ភទាំង៣ នៃការពង្រឹងភាពតភ្ជាប់ ដែលបានមើលឃើញថា អាស៊ានមានការអភិវឌ្ឍជឿនលឿនក្នុងនាមជាមជ្ឈមណ្ឌលនៃកំណើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរម្លឹកអំពីមូលហេតុចំនួន៤ ដែលធ្វើសម្តេចសម្រេចចិត្តដឹកនាំកម្ពុជាចូលអាស៊ាន ហើយដែល៣០ឆ្នាំមកនេះ នៅមានសារសំខាន់ និងតម្លៃនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកយ៉ាងដូច្នេះថា៖ «មានមូលហេតុសំខាន់ៗចំនួន៤ ដែលខ្ញុំគិតថា ត្រូវតែចូលជាសមាជិកអាស៊ាន ឱ្យបានហើយកត្តាទាំង៤នេះ នៅតែមានសារៈសំខាន់ដដែលទោះបីជានៅក្រោយពេលជិត៣០ឆ្នាំ នៃការសម្រេចចិត្តក៏ដោយ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកមូលហេតុតទាំង៤ ដែលកម្ពុជា សម្រេចចិត្តចូលអាស៊ាន នោះ គឺទី១៖ គោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក កត្តានេះ ជាកត្តាធំបំផុតទាក់ទាញកម្ពុជា ជាសមាជិកអាស៊ាន, ទស្សនៈរួមនៃអ្នកដឹកនាំខ្មែរ យើងមានការចងចាំ ថាសោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍ របស់បរទេស ទៅលនយោបាយផ្ទៃក្នុងរបស់កម្ពុជានៅពេលដែលឥទ្ធិពលនៃប្រកួតប្រជែងរវាងមហាអំណាច បានរាលដាលដល់កម្ពុជាហើយមានការលុកដៃចូលជ្រៅទៅក្នុងនយោបាយផ្ទៃក្នុងដែលឈានដល់ការធ្វើរដ្ឋប្រហារ ទម្លាក់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពេលនោះហើយ ដែលជាចំណុចចាប់ផ្តើមនៃការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅនៃការបែកបាក់ផ្ទៃក្នុង។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ហើយកម្ពុជា បាត់បង់ការកាន់កាប់លើជោគវាសនាប្រទេសជាតិខ្លួន កម្ពុជា បានក្លាយជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាងផង និងជាសង្គ្រាមស៉ីវិលប្រល័យពូជសាសន៍ ជាតិឯងផង។ ចេញពីមេរៀនប្រវត្តិសាស្ត្រនេះគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាស៊ាន ពិតជាមានភាពទាក់ទាញ ជាពិសេសសម្រាប់កម្ពុជា។

ត្រង់ចំណុចគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិកអាស៊ាន, ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាជាកិច្ចការងារដ៏សំខាន់ខ្លាំងណាស់ ពោលគឺមិនគ្រាន់តែសម្រាប់កម្ពុជានោះទេ ប៉ុន្តែ សម្តេចគិតថាគោលការណ៍នេះ វាជាគោលការណ៍ទូទៅដែលប្រទេសទាំងឡាយខិតខំជៀសវាងទៅលើការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសជាសមាជិករបស់អាស៊ាន។

២៖ ស្មារតីសហគមន៍ គឺធ្វើការតាមគោលការណ៍កុងសង់ស៉ីស រឿងនេះសំខាន់ខ្លាំងណាស់ ដើម្បីធានាថាប្រទេសជាសមាជិកទាំងអស់ មានសិទ្ធិស្មើគ្នា គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ គ្មានប្រទេសចាស់ គ្មានប្រទេសថ្មី។ ហើយអាស៊ាន មិនបានធ្វើការតាមរយៈការបោះឆ្នោតយកសំលេងភាគច្រើននោះទេ ព្រោះការនេះនឹងនាំឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន ត្បិតតែពេលខ្លះគោលការណ៍ស្មារតីសហគមន៍ អាចបង្កើតឱ្យមានភាពតានតឹងខ្លះ ប៉ុន្តែ បើវាយតម្លៃជារួមលើប្រវត្តិសាស្ត្រ យើងឃើញថាគោលការណ៍នេះ គឺជាមូលដ្ឋានរឹងមាំនៅក្នុងការធានាឯកភាព និងសាមគ្គីភាពយូរអង្វែងរបស់អាស៊ាន បើទោះបីជាត្រូវឆ្លងកាត់វិញ្ញាសារ លំបាកយ៉ាងណាក៏ដោយ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងពិតជាបានស្តាប់លឺនៃការធ្វើអត្ថាធិប្បាយ ដែលចង់សើររើគោលការណ៍កុងសង់ស៉ីស និងការចោទប្រកាន់ដោយប្រយោលថាប្រទេសចូលថ្មីបំពានសិទ្ធិវេតូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ត្រង់ចំណុចនេះ ត្រូវបានសម្តេចចោទជាសំណួរត្រឡប់ទៅវិញថា តើជាការពិតមែន ឬ ដែលប្រទេសសមាជិកដើមមានជំហរឯកភាពគ្នាលើគ្រប់បញ្ហានៅក្នុងតំបន់នោះ ពិតជាមិនអាចទៅរួចនោះទេ ដូច្នេះ ហើយបិតាស្ថាបនិកអាស៊ាន ក៏បានប្រមើលមើលទិដ្ឋភាពបែបនេះដែលនៅពេលដែលពួកគាត់រៀបចំឱ្យមានគោលការណ៍កុងសង់ស៉ីស។ ខណៈតំបន់អាស៊ាន មានភាពចម្រុះខ្លាំង ហើយប្រទេសនីមួយៗសុទ្ធតែមានការពិចារណាលើផលប្រយោជន៍តំបន់ ទន្ទឹមគ្នានឹងផលប្រយោជន៍ប្រទេស ដែលការថ្លឹងថ្លែងទាំងនេះពិតជាមិនអាចដូចគ្នា ឥតខ្ចោះនៅគ្រប់កាលៈទេសៈនោះទេ។

ការធានាឯកភាពក្នុងតំបន់ សាមគ្គីភាព ក្នុងភាពចម្រុះ និងភាពស្អិតរមួតស្ថាប័ន ត្រូវការកាវបិតដែលមានប្រសិទ្ធភាព និងប្រកបដោយបញ្ញាញ្ញាណ នោះគឺគោលការណ៍កុងសង់ស៉ីសនេះឯង។ តាមពិតការអនុវត្តជាក់ស្តែងកង់សង់ស៉ីស មិនមែនរឹងតឹងនោះទេ ឧបមាថាថ្ងៃនេះ យើងមិនអាចមានកុងសង់ស៉ីស លើគោលជំហរណាមួយ យើងអាចស្ទាបស្ទង់ដឹងតើបន្ទាត់ក្រហម នៃគោលជំហររបស់ប្រទេសពាក់ព័ន្ធផ្សេងទៀតនោះ គឺជាអ្វី? ដូច្នេះ នេះគឺជាសិល្បៈដែលមានលក្ខណៈជាស្ថាប័នរបស់អាស៊ាន នៅក្នុងការកែសម្រួល សម្របសម្រួល អត្ថន័យ ខ្លឹមសារ ឬមធ្យោបាយណាមួយ នៃគោលជំហរដែលសមាជិកទាំងអស់អាចទទួលយកបាន។

៣៖ ការអនុវត្តន៍សេដ្ឋកិច្ចសង្គម ទាក់ទងសមាហរណកម្ម៖ សម្តេចនាយករដ្ឋមន្ត្រី បានពន្យល់ថា ប្រទេសជាសមាជិក និងកម្ពុជាទទួលបានប្រយោជន៍យ៉ាងច្រើន តាមរយៈការពង្រឹងភាពតភ្ជាប់ទាំងរូបវ័ន្ត និងផ្នែកទន់ ការគិតគូររួមគ្នា ដើម្បីជំរុញដែលមានប្រយោជន៍រួម និងការបំព្រួញគម្លាតនៃការអភិវឌ្ឍ យើងបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលពង្រឹងភាពតភ្ជាប់ ក្នុងតំបន់ ដើម្បីបង្កើនការផ្លាស់ប្តូរទំនិញ និងប្រជាជន។ ការលើកលែងទិដ្ឋការនៃការបម្លាស់ទីរបស់ប្រជាជននៅក្នុងតំបន់ទាំងមូលតែម្តង។ ការកាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី តាមរយៈគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ានដែលបានចាប់ផ្តើមពីឆ្នាំ២០០០មក ជាពិសេសលើការពង្រឹងសមត្ថភាពស្ថាប័ន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវការធ្វើសមហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាង។

និងទី៤៖ ច្រកទ្វារការទូតរបស់កម្ពុជា៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន មានដៃគូច្រើនដូច្នេះ នៅពេលកម្ពុជា ក្លាយជាសមាជិកអាស៊ាន បានន័យថាកម្ពុជា ក៏ក្លាយទៅជាដៃគូជាមួយបណ្តាប្រទេសទាំងនោះ ដោយស្វ័យប្រវត្តិ។ អាស៊ាន គឺជាច្រកទ្វារនៃកាលានុវត្តភាព ការទូតរបស់កម្ពុជា។ តាមរយៈនេះកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយដៃគូខាងក្រៅកាន់តែវិជ្ជមានជឿនលឿន ទាំងលើវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការ។

បើទោះបីកម្ពុជាបានទាញប្រយោជន៍ច្រើនពីការចូលជាសមាជិកអាស៊ានយ៉ាងណាក្តី តែកម្ពុជា ក៏បានរួមចំណែកយ៉ាងច្រើននៅក្នុងការធ្វើសេចក្តីសម្រេចនានា នៅក្នុងក្របខណ្ឌតំបន់មួយនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×