ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៧ខែឧសភានេះ បានអញ្ជើញជួបតាមទូរសព្ទជាមួយឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីអបអរសាទរជាមួយនឹងជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (People’s Action Party) របស់ឯកឧត្តម ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ កំណើននៃចំនួនអាសនៈក្នុងសភា ក៏ដូចជាសំឡេងឆ្នោតគាំទ្រគណបក្ស PAP ដែលជាគណបក្សកាន់អំណាច បង្ហាញឲ្យឃើញច្បាស់នូវទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋសង្ហបុរី ចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅកាន់ប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីឯកឧត្តមបានទទួលដំណែងជានាយករដ្ឋមន្ត្រី យើងទាំងពីរបានពិភាក្សាគ្នាជាច្រើន ក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនយើងទាំងពីរ។
ឆ្នាំនេះគឺជាខួបទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសិង្ហបុរី។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី យើងនឹងមានឱកាសធ្វើការរួមគ្នាដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអោយកាន់តែល្អប្រសើរបន្ថែមទៀត ដែលនឹងផ្តល់ ផលប្រយោជន៍រួមជូនប្រទេសនិងប្រជាជនយើងទាំងពីរ។
ខ្ញុំនឹងរង់ចាំស្វាគមន៍ឯកឧត្តមមកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាពេលអនាគត”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

