Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ គឺជាទិវាខួបអនុស្សាវរីយ៍លើកទី៨០ នៃការចាប់បដិសន្ធិកងកម្លាំង នគរបាលជាតិ ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥» ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយ ពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាង ក្រៃលែង ចូលរួមអបអរសាទរក្នុងទិវាដ៏មានអត្ថន័យថ្លៃថ្លារបស់ជាតិ និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនគរបាល និងមន្ត្រីនគរបាលជាតិទាំងអស់នៅទូទាំងប្រទេស រួមទាំងនិវត្តន៍ជននគរបាលជាតិ គ្រប់រូប ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទន្ទឹមនេះខ្ញុំក៏សូមផ្ញើជូននូវ ការសាកសួរសុខទុក្ខដល់មន្ត្រីនគរបាលជាតិ និងក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន និងសូមជូនពរឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មក រួមរស់ជួបជុំក្រុមគ្រួសារ និងមកបំពេញការងារនៅតាមអង្គភាពវិញ។

គិតមកដល់ពេលនេះ មានរយៈពេល ៨០ឆ្នាំហើយ ដែលវីរៈកងកម្លាំងនគរបាលជាតិកម្ពុជាបាន ចាប់បដិសន្ធិ និងបានវិវត្តន៍ឆ្លងកាត់វិញ្ញាសាជាច្រើនរួមទាំងឧបសគ្គ និងបញ្ហាប្រឈមប្រែប្រួលដ៏ស្មុគស្មាញ នៃរបត់សង្គម ហើយជាអកុសលក្នុងសម័យកាលខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ ស្ថាប័ននគរបាលជាតិ កម្ពុជា ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមទៀតថា ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ កងកម្លាំងនគរបាលជាតិត្រូវបានរៀបចំបង្កើតឡើងវិញ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បន្ទាប់ពីប្រទេសជាតិយើងត្រូវបានសង្គ្រោះ ផុតពីរបបប្រល័យពូជសាសន៍។ ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ ជាច្រើនឆ្នាំមកនេះកងកម្លាំង នគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយដល់រាជរដ្ឋាភិបាលក្នុងការតស៊ូលើសមរភូមិសន្តិសុខ ជាពិសេសការតស៊ូ ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់ភាពក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់ដំណាក់កាលសន្តិភាព។

បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាកំពុងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ស្វាហាប់ ប្រកបដោយ ការរីកចម្រើនលើគ្រប់វិស័យ ឈានទៅសម្រេចបាននូវគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នាឆ្នាំ២០៣០។ ប្រទេសជាតិស្ថិតក្នុងស្ថានភាពសន្តិភាពពេញបរិបូរណ៍ និងរក្សាបាននូវឯករាជ្យភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ ជាពិសេសខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានធានា បណ្តាគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ទាំងអស់ ក៏ដូចជាព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ ព្រមទាំងព្រឹត្តិការណ៍ជាតិ-អន្តរជាតិត្រូវ បានរៀបចំឡើងប្រកបដោយសុវត្ថិភាព កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានលើកតម្កើងនៅលើ ឆាកអន្តរជាតិ ជីវភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធូរធារ សេចក្តីសុខខាងផ្លូវចិត្ត និងផ្លូវកាយ ក៏ត្រូវបាន ធ្វើឱ្យប្រសើរឡើងជាលំដាប់។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ ត្រចះត្រចង់ទាំងអស់នេះ ព្រមទាំងសូមថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមគឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និងជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិ បន្តទៀត។

ឆ្នាំ២០២៥ នេះសភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងនូវបញ្ហាប្រឈមមួយចំនួន ជះឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ សភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីដ្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែក្នុងបរិបទដែលមានការគំរាមកំហែងនៃប្រភេទ បទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។ល។ បានធ្វើឱ្យ សំណូមពរក្នុងការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម ដែលជាបរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមនសិការជាតិ ការពលិកម្ម និងការលះបង់ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាបានថាព្រះរាជាណាចក្រកម្ពុជា នៅតែស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្តីចម្រើនគ្រប់ទិសទី និងគ្រប់សហគមន៍។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្តីភាព របស់កងកម្លាំងនគរបាលជាតិ និងសូមសម្តែងនូវការពេញចិត្ត បន្តជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា​ “នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំក៏សូមសម្តែងនូវការដឹងគុណចំពោះបងប្អូន កូនចៅ ក្រុមគ្រួសារ ញាតិសន្តាន នៃកងកម្លាំងនគរបាលជាតិ ដែលបានលះបង់ស្វាមី ភរិយា ឪពុក ម្តាយ សមាជិកគ្រួសារឱ្យចូលបម្រើក្នុងកងជួរ នគរបាលជាតិ ព្រមទាំងបានគាំទ្រ ជួយទំនុកបម្រុង លើកទឹកចិត្ត បង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់ បេសកកម្មរបស់នគរបាលជាតិ តាំងពីដើមរៀងរហូតមក។ ទន្ទឹមនេះក៏សូមឧទ្ទិសនូវទឹកចិត្តកតញ្ញូកតវេទីជូន ចំពោះវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើ ពលិកម្មដ៏ឧត្តុង្គឧត្តម ដើម្បីប្តូរយកភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×