វគ្គបណ្តុះបណ្តាលស្តីពីកសិកម្មវៃឆ្លាត ដើម្បីអាហារូបត្ថម្ភ ត្រូវបានរៀបចំឡើងពីថ្ងៃទី០៧-៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីលោកកឹម សារុំ ទីប្រឹក្សាក្រសួងកសិកម្ម លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកផាន ទូច ប្រធានការិយាល័យតំបន់ទន្លេសាបនៃនាយកដ្ឋានផ្សព្វផ្សាយ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលវគ្គបណ្តុះនេះគាំទ្រដោយអង្គការហេឡែន ខេលល័រ អន្តរជាតិ សហការជាមួយនាយកដ្ឋានផ្សព្វផ្សាយ នៅភោជនីយដ្ឋានឡូវគឹមសេង ខេត្តកំពង់ធំ។
លើកឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមខាត់ សុធី បានថ្លែងអរគុណដល់អង្គការហេឡែន ខេលល័រ ដែលតាំងពីដើមទីមក បានគាំទ្រ និងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសគាំទ្រលើគោលនយោបាយអាទិភាពទី៦ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់នេះតែម្តង។ ឯកឧត្តមបន្តថា ការបណ្តុះបណ្តាលអំពីកសិកម្មវៃឆ្លាត ដើម្បីអាហារូបត្ថម្ភ ដល់មន្ត្រីកសិកម្មឃុំនាពេលនេះ កំពុងដើរស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
ឯកឧត្តមខាត់ សុធី ក៏បានជំរុញ លើកទឹកចិត្តមន្ត្រីកសិកម្មឃុំ សង្កាត់ទាំងអស់ត្រូវប្រឹងប្រែងយកចិត្តទុកដាក់សិក្សារៀនសូត្រនូវចំណេះដឹង និងបទពិសោធន៍ថ្មីទាំងនេះ ដើម្បីទៅបម្រើកសិករនៅឯមូលដ្ឋានឃុំ សង្កាត់របស់ខ្លួន ឲ្យបានល្អសំដៅលើកកម្ពស់ជីវភាពកសិករនីតាមជនបទឲ្យកើននូវប្រាក់ចំណូលពីវិស័យកសិកម្មនេះ។
សូមបញ្ជាក់ថា ក្រៅពីការបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាត ដើម្បីអាហារូបត្ថម្ភ វគ្គបណ្តុះបណ្តាលនេះក៏បានដាក់បញ្ចូលនូវមេរៀនស្តីអំពីវិធីសាស្ត្រផ្សព្វផ្សាយ និងវិធីសាស្ត្រសម្របសម្រួល ដែលជាផ្នែកសំខាន់ និងចាំបាច់សម្រាប់មន្ត្រីកសិកម្មឃុំ សង្កាត់ ដែលជាអ្នកនៅជិតដិតផ្ទាល់ជាមួយកសិករតែម្តង។







