ភ្នំពេញ ៖ ជនសង្ស័យគ្រឿងញៀន០៨នាក់ជាមុខសញ្ញាលួចឆក់ប្លន់និងបងតូចបងធំបង្កអសន្តិសុខក្នុងមូលដ្ឋានត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងនគរបាលខេត្តកណ្តាលបង្រ្កាបបាននិងដកវត្ថុតាងមួយចំនួន។
អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខេត្តកណ្តាល -នគរបាលខណ្ឌច្បារអំពៅ បានធ្វើការបង្រ្កាបឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះម៉ូវ សុភា ហៅ អាស្រម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ។
ជនសង្ស័យរូបនេះ ក៍មានដីកាចាប់ខ្លួនរបស់តុលាការខណៈពេលចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀនចំនួន០៤កញ្ចប់ថង់តូច) ។
បន្ទាប់មកសមត្ថកិច្ចក៍បន្តចាប់ឃាត់ខ្លួនជនសង្ស័យក្រុមបក្ខពួករបស់ជនសង្ស័យខាងលើនៅទីតាំងចំនួន០៤កន្លែងផ្សងទៀតស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ។
ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ បន្ថែមទៀត សរុបជនសង្ស័យទាំងអស់០៨នាក់និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន:
១-ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ០៨កញ្ចប់។ ២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣គ្រឿង។ ៣-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន៤។ ៤-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។ ៥-ដែកកេះជ័រ ចំនួន៥។ ៦-កាំបិត ៧ ,ដាវដែក៦ និង ពូថៅ ចំនួន២។ ៧-កាំភ្លើងកែច្នៃ ២ និង៨-ដំបងបីកំណាត់ ១។
សូមបញ្ជាក់:ក្រុមខាងលើជាក្រុមជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្ម និងបង្កអសន្តិសុខក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ហើយបានបង្កើតបក្ខពួកបងតូចបងធំ បង្កអុកឡុកក្នុងមូលដ្ឋាន និងការប្រើហិង្សា និងលួច ឆក់ ប្លន់ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

